លោក ភោគ គីមសៀក គ្រូជំនួយវិទ្យាល័យឥន្រ្ទទេវី និងកីឡាករខ្សែប្រយុទ្ធរបស់វិទ្យាល័យឥន្រ្ទទេវី មានការរៀបចំក្រុមបានសព្វគ្រប់អស់ហើយសម្រាប់ការជួបវិទ្យាល័យប្ញស្សីកែវក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ឆ្នាំ២០២៣។ ក្នុងនោះគ្រូជំនួយមានប្រភពពីស្វាយរៀងខាងលើបានសង្កត់ធ្ងន់ថាមានកង្វល់ចំពោះខ្សែប្រយុទ្ធលេខ ១៧ ប្ញស្សីកែវខ្លះៗដែរ តែយ៉ាងណាលោកនិងក្រុមការងារទាំងអស់ នឹងរិះរកវិធីដើម្បីរារាំងគេក្នុងថ្ងៃផ្តាច់ព្រ័ត្រខាងមុខនេះ។
“ធម្មតាទេឡើងមកវគ្គផ្តាច់ព្រ័ត្រតែងតែមានក្តីបារម្ភ ប៉ុន្តែគិតថានៅក្នុងការប្រកួតលុះត្រាតែចប់ការប្រកួតទើបដឹងថាឈ្នះ ឬចាញ់”។ លោកបន្ត “ខ្ញុំគិតថាមកដល់ពេលនេះហើយអ្វីគួរធ្វើមិនមែនជាក្តីព្រួយបារម្ភទេ គឺយើងត្រូវបង្កើនសមត្ថភាពក្រុមរបស់យើងទាំងចំណុចល្អ និងចំណុចខ្វះខាត”។
ទន្ទឹមគ្នានេះដែរ កីឡាករ ពៅ វិសាល ខ្សែប្រយុទ្ធស្នូលរបស់វិទ្យាល័យឥន្រ្ទទេវី ថារូបគេមានជំនឿចិត្ត ៦៥ ភាគរយសម្រាប់យកពានជូនវិទ្យាល័យខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ។ ខ្សែប្រយុទ្ធមានប្រភពពីខេត្តកំពង់ស្ពឺ ដដែលថាក្នុងវគ្គសន្សំពិន្ទុធ្លាប់ចាញ់វិទ្យាល័យប្ញស្សីកែវពិតមែន តែខ្លួននឹងក្រុមប្តេជ្ញាសាមគ្គីគ្នាមិនឱ្យទទួលបានលទ្ធផលដូចលើកមុនទៀតឡើយ។
“បាទសម្រាប់ខ្ញុំមកដល់ប្រកួតចុងក្រោយហើយ កាលពេលនៅក្នុងពូលយើងចាញ់គេ តែទៅដល់ Final ខ្ញុំតាំងចិត្តថាយកឈ្នះគេឱ្យបានវិញបង”។
វិទ្យាល័យឥន្រ្ទទេវី និងវិទ្យាល័យប្ញស្សីកែវ នឹងត្រូវជួបតទល់គ្នានៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីស្វែងរកម្ចាស់ពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី ៣ ឆ្នាំ២០២៣នេះ៕