Skip to content
    ទំព័រដើម  »  កីឡាជាតិ

នាយកវិទ្យាល័យឥន្ទ្រទេវីរំពឹង AIA ពិចារណាថែមការប្រកួតប្រភេទកីឡាផ្សេងទៀតក្រៅពីបាល់ទាត់

លោក នាក់ សុទ្ធា នាយកវិទ្យាល័យឥន្ទ្រទេវី មានប្រសាសន៍ថា ប្រសិនបើអាច សូមក្រុមហ៊ុន AIA ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជារាជធានី រៀបចំការប្រកួតប្រភេទកីឡាផ្សេងៗទៀត ក្រៅពីកីឡាបាល់ទាត់ AIA ជើងឯកវិទ្យាល័យ ដែលទើបបញ្ចប់រដូវកាលទី៣ កាលថ្ងៃ១១ ខែមករា ឆ្នាំ២០២៤។

ថ្នាក់ដឹកនាំក្រុមជើងឯក AIA High School League ២០២៣ លើកឡើងថា វិទ្យាល័យរបស់លោកក្រៅតែពីកីឡាបាល់ទាត់ ក៏មានកីឡាបាល់ទះ បាល់បោះ អត្តពលកម្ម កាយសម្ព័ន្ធជាដើម តែមិនសូវបានបញ្ចេញសមត្ថភាព។ ដូច្នេះហើយបានជាលោកបង្ហាញក្ដីរំពឹងថា គណៈរៀបចំពានរង្វាន់ AIA ជើងឯកវិទ្យាល័យនឹងពិចារណារៀបចំប្រភេទកីឡាផ្សេងទៀត។

លោក នាក់ សុទ្ធា សង្កត់ធ្ងន់ថា ក្រុមវិទ្យាល័យឥន្ទ្រទេវី តែងតែធ្វើបានល្អក្នុងការប្រកួតកម្រិតមធ្យមសិក្សាជាតិកន្លងមក ដោយសារតែមានការយកចិត្តទុកដាក់ពីលោក ក៏ដូចជាថ្នាក់ដឹកនាំសាលាទាំងមូល។ មិនតែប៉ុណ្ណោះទេ ការសហការជាមួយក្រុមការងារគ្រូបង្វឹកក្លិបបាល់ទាត់វិសាខាក៏ផ្ដល់ឱកាសដល់សិស្សវិទ្យាល័យឥន្ទ្រទេវី ទទួលបានការហ្វឹកហាត់យ៉ាងល្អ។
ក្រុមវិទ្យាល័យឥន្ទ្រទេវីបានគ្រងតំណែងជើងឯក AIA ជើងឯកវិទ្យាល័យ ចំនួន២លើក គឺ ក្នុងឆ្នាំ២០១៩ និង២០២៣៕