កញ្ញា ហែមថុន វិទីនី គ្រូបង្វឹកជម្រើសជាតិហែលទឹកកម្ពុជាបានលើកឡើងចំពោះករណីសម្បូរធនធានកីឡាករ-កីឡាការិនីកូនកាត់បរទេសច្រើនក្នុងសហព័ន្ធខ្មែរកីឡាហែលទឹកច្រើននោះ ក៏ព្រោះតែកត្តាក្មេងៗកូនកាត់ទាំងនោះជាសិស្សដែលសិក្សានៅសាលាឯកជន មានមូលដ្ឋានគ្រឹះលើការហែលទឹកស្រាប់ មានភាពសម្របខ្លួនជាមួយទឹកបានល្អទៀតនោះជាហេតុដែលពួកគេទាំងអស់នោះមានការវិវឌ្ឍលឿនជាងក្មេងៗកូនខ្មែរសុទ្ធ ក្មេងៗមកពីសាលារដ្ឋ ឬធនធានមកពីតាមបណ្តាខេត្ត។
យ៉ាងណាអ្នកគ្រូបង្វឹកកូនអ្នកទីក្រុងភ្នំពេញដដែលក៏បានសង្កត់ធ្ងន់ថា មិនមែនកីឡាករ-កីឡាការិនីដែលមកពីសាលារដ្ឋ ឬកូនអ្នកមកពីតាមបណ្តាខេត្តស្រុកមិនមានសមត្ថភាពប្រជែងជាមួយប្រភេទក្មេងៗកូនកាត់តែម្តងនោះទេ តែអ្នកគ្រូ វិទីនី មើលឃើញពីចំណុចពិសេសមួយរបស់ធនធានកីឡាករខ្មែរសុទ្ធថា មានកម្លាំងល្អជាងក្មេងៗកូនកាត់ទៅវិញ។
កីឡាករ-កីឡាការិនី មួយចំនួនដែលកូនកាត់នោះទីមួយដោយសារតែពួកគាត់ចេញមកពីសាលាអន្តរជាតិ ដូចដែលបានដឹងថាសាលាអន្តរជាតិគឺមានអាងហែលទឹកមកស្រាប់ហើយ ចឹងពួកគេមាន Basic ខ្លះៗភាគច្រើនចេះហែលទឹក តែចំពោះកីឡាករ-កីឡាការិនីខ្មែរៗសុទ្ធដែលមកពីតាមបណ្តាខេត្តវិញពួកគាត់មានកម្លាំងខ្លាំង។
កញ្ញា ហែមថុន វិទីនី គ្រាជាកីឡាការិនីគឺជំនាញខ្លាំងក្នុងប្រភេទវិញ្ញាសា ហែលសេរី ៥០ម៉ែត្រ និងជាកីឡាការិនីដែលមានបទពិសោធជោគជាំលើឆាកអន្តរជាតិ ដូចជាការចូលរួមប្រកួតក្នុងកីឡាអូឡាំពិកពិភពលោក ៣ សម័យកាល ឆ្នាំ ២០០៨, ២០១២, និងចុងក្រោយនៅទីក្រុង Rio de Janeiro ប្រទេសបេ្រស៊ីល ឆ្នាំ២០១៦៕