Skip to content
    ទំព័រដើម  »  កីឡាជាតិ

ធ្លាប់តែលេង AIA ជើងឯកវិទ្យាល័យយុវជន U19 បឹងកេត ម៉ៅ ចំរើន បានបទពិសោធថ្មីប្លែកថែមទៀតពេលប្រឡូកលីគយុវជន

ពានរង្វាន់ជម្រើសជើងឯកខេមបូឌានលីគយុវជនអាយុក្រោម១៩ឆ្នាំ ឆ្នាំ២០២៤ បានដំណើរការបានចប់មួយជុំហើយ ខណៈធនធានកីឡាករតាមបណ្តាក្រុមមួយចំនួនក៏មានអ្នកខ្លះមានដើមកំណើតចេញពីពានរង្វាន់ AIA ជើងឯកវិទ្យាល័យច្រើនណាស់ដែរ។ ជាមួយគ្នានេះ យុវជន ម៉ៅ ចំរើន ដែលកំពុងលេងក្នុងក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់បឹងកេតនិងក៏ជាអតីតកីឡាករដែលលេងក្នុងពានរង្វាន់កម្រិតវិទ្យាល័យបានបង្ហាញភាពខុសគ្នារវាងការលេង និងការហ្វឹកហាត់ក្នុងកម្រិតអាជីពនេះមានការខុសគ្នាគុណនឹង២ឯណោះ។

សិស្សវិទ្យាល័យសម្ដេច ហ៊ុន សែន ប៊ុនរ៉ានីច្បារអំពៅ ដដែលបន្ថែមទៀតថាការលេងក្នុងលីគយុវជនទាមទារឱ្យមានការហ្វឹកហាត់ខ្លាំង និងការយល់ចិត្តគ្នាច្រើន ម្ល៉ោះហើយពេលវេលានៃការហាត់មានដល់ទៅ ៦ថ្ងៃដែលជាចំនួនមួយច្រើនជាងកាលលេងកម្រិតវិទ្យាល័យដែលមានការប្រមូលផ្តុំត្រឹម ២ទៅ៣ថ្ងៃ។ យ៉ាងណាកីឡាករអាយុ១៨ឆ្នាំ ទោះជាហត់និងពិបាកខ្លាំងប៉ុនណារូបគេថាមិនមែនជាឧបសគ្គសម្រាប់គេឡើយ ពីព្រោះជាកីឡាដែលខ្លួនស្រឡាញ់តាំងតែពីក្មេង។

ទន្ទឹមគ្នា យុវជនមានមូលដ្ឋានម្តុំក្តីតាកុយ ក៏បង្ហើបអំពីនិមិត្តរូបរបស់គេគឺសិស្សច្បងរួមក្លឹបខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដោយគេថាស្រឡាញ់អំពីបច្ចេកទេសនៃស្ទាយលេងរបស់ CV11 ពិសេសគឺគុណផលការប្រើប្រាស់ជើងឆ្វេងដែលដូចទៅហ្នឹងរូបគេផ្ទាល់ដែរ។ លើសពីនេះម្ចាស់អាវលេខ៧ប្រចាំក្រុមU19 បឹងកេតក៏បង្ហាញការតាំងចិត្តថានឹងខិតខំសម្រួចសមត្ថភាពបន្ថែមទៀត ដើម្បីឈោងចាប់ក្តីស្រមៃជាប់ជម្រើសជាតិកម្ពុជានាថ្ងៃអនាគត។

ម៉ៅ ចំរើន សម្រាប់ការបង្ហាញខ្លួនជាមួយក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់បឹងកេតក្នុងពានរង្វាន់ ខេមបូឌានលីគយុវជនអាយុក្រោម១៩ឆ្នាំ បាន១ជុំមកនេះក្នុងនាមជាខ្សែបម្រើប្រយុទ្ធរូបគេរកគ្រាប់បាល់ស៊ុតបញ្ជូនទីបាន ៤គ្រាប់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១គ្រាប់ផងដែរ៕