យុវជន ហៃ រតនសម្បត្តិ អ្នកចាំទីប្រចាំក្រុមវិទ្យាល័យជ័យវរ្ម័នទី៧បានចែករំលែកនៅបទពិសោធផ្ទាល់ខ្លួនសម្រាប់បងប្អូនដែលលេងតំណែងមួយនេះតែមានកម្ពស់មិនសូវខ្ពស់ដោយថា គួរពង្រឹងលើការហ្វឹកហាត់ហក់ឱ្យបានច្រើន។ លើសពីនេះយុវជនមានប្រភពពីស្រុកកៀនស្វាយបន្តថាក្នុងនាមជាអ្នកចាំទីកង្វះខាតផ្នែកកម្ពស់បែបនេះត្រូវធ្វើយ៉ាងណាឱ្យខ្លួនឯងមានការចេញចូលបានរហ័ស និងមានភាពច្បាស់លាស់ជាមួយបាល់នីមួយៗ។
សិស្សថ្នាក់ទី១២ខាងលើក៏បន្ថែមទៀតថាអ្នកចាំទីមួយដែលល្អទាមទារឱ្យមានធាតុផ្សំចូលរួមបន្ថែមទៀតដូចជាការហ្វឹកហាត់ដិតដល់ ពិសេសបូកបញ្ចូលទាំងការសម្រាកហូបចុកបានល្អគ្រាប់គ្រាន់ផងដែរ។ ទន្ទឹមគ្នាដែរ ហៃ រតនសម្បត្តិ ក៏បានបង្ហើបកូនចិត្តថាបើមានឱកាសណាមួយខ្លួននឹងពិចារណាចូលរួមជាមួយក្លឹបបាល់ទាត់ណាមួយក្នុងលីគផងដែរ។ ប៉ុន្តែចំពោះមុខសម្រាប់ម្ចាស់អាវលេខ១ប្រចាំក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ធំបំផុតសម្រាប់ឆ្នាំនេះគឺធ្វើយ៉ាងណាប្រជែងយកពាន AIA ជើងឯកវិទ្យាល័យរដូវកាលទី៤ សម្រាប់វិទ្យាល័យខ្លួនឱ្យបាន។
ហៃ រតនសម្បត្តិ ក៏ធ្លាប់មានប្រវត្តិហ្វឹកហាត់ជាមួយយុវជនក្លឹបបឹងកេតបានជាងកន្លះឆ្នាំផងដែរ មុនពេលក្លាយខ្លួនជាកម្លាំងសំខាន់សម្រាប់ក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ ប្រកួតប្រជែងក្នុងពាន AIA ជើងឯកវិទ្យាល័យនេះ៕