Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

James ត្រៀមផ្លាស់ទៅក្លឹបមួយដែលមានកៅអី Club World Cup ក្រោយចែកផ្លូវជាមួយ Rayo

តារាឆ្នើមកូឡុំប៊ី James Rodriguez ត្រូវបានរាយការណ៍ថា ត្រៀមសម្រាប់ការផ្លាស់ទៅចូលរួមក្លឹបម៉ិកស៊ីកូ Leon បន្ទាប់ពីបានព្រមព្រៀងចែកផ្លូវគ្នាជាមួយក្លឹបអេស្ប៉ាញ Rayo Vallecano។

Rodriguez បានក្លាយជា Free agent មានន័យថាគេអាចចូលរួមក្លឹបបន្ទាប់ដោយគ្មានតម្លៃផ្ទេរ ក្រោយសម្រេចចិត្តចាកចេញពីក្លឹបដែលមានមូលដ្ឋានក្នុងទីក្រុងម៉ាឌ្រីដ ក្រោយរួមរស់នៅទឹកដី Estadio de Vallecas បាន៥ខែ។ ការចែកផ្លូវគ្នា កើតឡើងដោយសារតែបញ្ហាហិរញ្ញវត្ថុ និងហេតុផលផ្នែកបច្ចេកទេស បន្ទាប់ពីម្ចាស់ពានស្បែកជើងមាស FIFA World Cup 2014 ពុំស្ថិតក្នុងជម្រើសចាំបាច់របស់គ្រូបង្គោល Inigo Perez នោះទេ។

យោងតាមប្រភពពីសារព័ត៌មានអេស្ប៉ាញ AS បានឱ្យដឹងថា Rodriguez បានត្រៀមចាកចេញពីបាល់ទាត់អឺរ៉ុបជាថ្មី ហើយគេខិតកៀកក្នុងការចូលរួមក្លឹបនៃក្របខណ្ឌ Liga MX, Leon។ យោងតាមប្រភពដដែលនេះ វ័យ៣៣ឆ្នាំ នឹងធ្វើដំណើរទៅម៉ិកស៊ីកូ នាប៉ុន្មានថ្ងៃខាងមុខ ដើម្បីបំពេញឯកសារដែលចាំបាច់ ហើយគេនឹងចុះហត្ថលេខាកុងត្រានៅទីនោះរយៈពេល១ឆ្នាំ។

អតីតខ្សែបម្រើ Real Madrid, មានការភ្ជាប់ទៅនឹងការត្រលប់ទៅកាន់ Premier League ជាថ្មី ក្នុងខែមករានេះ ខណៈ Aston Villa, Wolves, Fulham និង Nottingham Forest ត្រូវបានរាយការណ៍ថា មានការចាប់អារម្មណ៍លើរូបគេ។ ប្រព័ន្ធផ្សព្វផ្សាយនៅកូឡុំប៊ី ក៏បានចុះផ្សាយផងដែរថា ការត្រលប់ទៅប្រទេសកំណើតជាជម្រើសមួយផ្សេងទៀតផងដែរ តែ Rodriguez បានបោះបង់ឱកាសនេះ។

Club Leon នឹងរំពឹងថាអាចសម្រេចការផ្ទេរ នាពេលដ៏ខ្លីខាងមុខ ដើម្បីអាចឱ្យខ្សែបម្រើកូឡុំប៊ី អាចមានសិទ្ធិចូលរួមការប្រកួតបើករដូវកាល Liga MX, ទល់ Atlas នាថ្ងៃអាទិត្យ ទី១៩ ខែមករាខាងមុខ។

Leon ជាក្រុមតំណាងម៉ិកស៊ីកូ ដែលចូលរួមព្រឹត្តិការណ៍ FIFA Club World Cup 2025 ហើយគោលដៅរបស់ Rodriguez គឺមានឱកាសបង្ហាញខ្លួនក្នុងជម្រើស១១នាក់ ដើម្បីអាចទទួលបានការចាប់អារម្មណ៍ពីគ្រូបង្វឹកក្រុមជម្រើសជាតិ កោះហៅរូបគេចូលរួមព្រឹត្តិការណ៍ FIFA World Cup 2026 ឆ្នាំក្រោយនេះ៕