Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Pep ប្រឈមនឹងការសម្រេចចិត្តដ៏លំបាកមួយ មុនជួប Real Marid សប្ដាហ៍ក្រោយ

អ្នកចាត់ការ Manchester City លោក Pep Guardiola នឹងប្រឈមការពិបាកក្នុងការសម្រេចចិត្តជ្រើសរើសសមាជិកដែលក្លឹបបាននាំចូលក្នុងទីផ្សារខែមករា ដោយត្រូវបោះបង់ម្នាក់ក្នុងចំណោមនោះ ក្នុងការបញ្ចូលទៅក្នុងបញ្ជីក្រុម សម្រាប់ការប្រកួត knockout play-off ទល់ Real Madrid។

Man City បានបញ្ចប់វគ្គចែកពូល Champions League ទម្រង់ថ្មី ក្នុងតំបន់ playoff នៅចំនាត់ថ្នាក់លេខ២២ ក្រោយទទួលបានជ័យជម្នះ៣លើក ស្មើពីរដង និងចាញ់៣ប្រកួត មាន១១ពិន្ទុ ខណៈ ក្រុមការពារជើងឯក Real Madrid ឈរនៅលេខរៀងទី១១ មាន១៥ពិន្ទុ ពីជ័យជម្នះ៥លើក និងចាញ់៣ប្រកួត។

ក្រោយទទួលបានលទ្ធផលខកចិត្តជាបន្ដបន្ទាប់នាចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ ក្លឹបមេឃខៀវបានចំណាយទឹកប្រាក់២១០លានអឺរ៉ូ ទីផ្សាររដូវរងារដែលទើបបិទទ្វារថ្មីៗនេះ នាំយកខ្សែប្រយុទ្ធ Omar Marmoush, ខ្សែបម្រើ Nico Gonzalez និងខ្សែការពារ Abdukodir Khusanov និង Vitor Reis។

ក្លឹបនឹងបញ្ជូនបញ្ជីឈ្មោះកីឡាករ២៥រូបសម្រាប់ចូលរួមវគ្គ knockout ត្រឹមថ្ងៃព្រហស្បតិ៍នេះ ប៉ុន្ដែក្នុងមួយក្រុមអាចផ្លាស់ប្ដូរសមាជិកបានតែ៣រូបប៉ុណ្ណោះ។

កីឡាករអេហ្ស៊ីប Marmoush ដែលជាសមាជិកនាំចូលមានតម្លៃខ្ពស់បំផុតនាទីផ្សាររដូវរងារនេះ ៧៥លានអឺរ៉ូ បង្ហាញខ្លួន២លើកក្នុង Premier League តាំងពីគេបានផ្ទេរពី Eintracht Frankfurt មកចូលរួមក្លឹបដែលមានមូលដ្ឋានក្នុងទីក្រុងមែនឆេស្ទឺរ រំពឹងថាអាចនឹងត្រូវបានជ្រើសរើសសម្រាប់ការប្រកួតពានអឺរ៉ុប។

ដោយឡែក Gonzalez ដែលចាកចេញពី Porto មកចូលរួម Man City ក្នុងថ្ងៃចុងក្រោយនៃទីផ្សាររដូវរងារ ក៏នឹងអាចមានឈ្មោះក្នុងបញ្ជីនេះដែរ ជំនួសកន្លែងរបស់ Rodri ដែលមានបញ្ហារបួស ACL។

ទោះត្រូវអវត្តមានរយៈពេលវែងពីទីលាន តែ Rodri ទំនងជានឹងមានឈ្មោះក្នុងបញ្ជីកីឡាករ២៥រូបរបស់ Man City ដែរ ជាមួយក្ដីសង្ឃឹមថាម្ចាស់ពាន Ballon d’Or រូបនេះ អាចត្រលប់មកកាន់ទីលានវិញបាន មុនរដូវកាលត្រូវបានបញ្ចប់ ហើយ Man City មានឱកាសក្នុងការឈានដល់វគ្គកាន់តែជ្រៅក្នុង UCL។

បើទោះបីជាគេបានសាងកំហុសអំឡុងការប្រកួតទល់ Chelsea នៅ Premier League ខ្សែការពារ Khusanov វ័យ២០ឆ្នាំ អាចនឹងមានប្រៀបជាង Reis ក្នុងការបញ្ចូលឈ្មោះក្នុងបញ្ជីប្រកួតពានអឺរ៉ុប។

Man City នឹងបើកកីឡដ្ឋាន Etihad ស្វាគមន៍ Real Madrid ក្នុងប្រកួត playoff ជើងទី១ នាថ្ងៃទី១១ ខែកុម្ភៈ ហើយប្រកួតជើងទី២ នឹងធ្វើឡើងនៅទឹកដី Santiago Bernabeu នាថ្ងៃទី១៩ ខែកម្ភៈ។

នេះអាចចាត់ទុកថាជានិស្ស័យរវាងក្រុមទាំងពីរ ដោយសារពួកគេតែងជួបគ្នាក្នុង៤រដូវកាលចុងក្រោយនៅ Champions League។ ជំនួបលើកចុងក្រោយបង្អស់ពួកគេបញ្ចប់ការប្រកួតដោយស្មើគ្នាទាំងពីរជើង មុនពេលក្រុមមកពីអេស្ប៉ាញទទួលបានជ័យជម្នះដោយបាល់១១ម៉ែត្រកាត់សេចក្ដី និងក្លាយជាជើងឯក ក្រោយឈ្នះ Borussia Dortmund 2-0 ក្នុងវគ្គផ្ដាច់ព្រ័ត្រនាទឹកដី Wembley៕