លោកស្រី ពុធ ធីតា ប្រធានក្លឹបបាល់ទាត់បឹងកេតក្នុងឱកាសចុះមើលពីសកម្មភាពនៃការធ្វើតេស្តយុវជនអាយុក្រោម ១៦ និង១៨ឆ្នាំរបស់ក្លឹបបានមានប្រសាសន៍ថាលោកស្រីពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំងដែលឃើញមានយុវជនជាច្រើនពាន់នាក់មកពីគ្រប់ទិសទីនាំគ្នាមកធ្វើតេស្តដូច្នេះ។ ក្នុងនាមជាប្រធានក្លឹបពេលឃើញពីចំនួនយុវជនមកចូលរួមរយៈ៤ថ្ងៃមកនេះជាង២ពាន់នាក់នេះ លោកស្រីថាគឺជាសញ្ញាណវិជ្ជមានមួយសម្រាប់អនាគតនៃបាល់ទាត់កម្ពុជា។
បន្ថែមទៀតដែរ ថ្នាក់ដឹកនាំដដែលបន្តថាវត្តមាននៃការចូលរួមពីសំណាក់យុវជនយ៉ាងផុលផុសបែបនេះ គឺស្របទៅតាមចក្ខុវិស័យរបស់ក្លឹបបាល់ទាត់បឹងកេតលើការបណ្តុះកីឡាករចេញពីកម្រិតថ្នាលបែបនេះ និងក៏ស្របតាមទិសដៅសហព័ន្ធបាល់ទាត់កម្ពុជាក្នុងការស្វែងរកនូវធនធានល្អៗសម្រាប់បន្តវេនពីកីឡាករចាស់ៗ។ ជាមួយគ្នានេះដែរលោកស្រីក៏បានផ្តល់ជាសារខ្លះៗទៅកាន់យុវជនមិនថាអ្នកជាប់ ឬមិនបានជាប់ទាំងអស់ដែលបានមកចូលរួមតេស្តនេះ។
សូមបញ្ជាក់ថា ការពីពេលថ្មីៗកន្លងមកនេះក្លឹបបាល់ទាត់បឹងកេតបានប្រកាសតេស្តយុវជនអាយុក្រោម១៦ និង១៨ឆ្នាំ ដើម្បីត្រៀមប្រកួតប្រជែងក្នុងពានរង្វាន់នានាក្នុងពេលខាងមុខ។ ក្នុងរយៈពេល៤ថ្ងៃនៃការតេស្តទាំង២កម្រិតនេះមានយុវជនមកចូលរួមទាំងអស់សរុបជិត ២ពាន់នាក់ឯណោះ៕