ជាលើកទី២ក្នុងឆ្នាំ២០២៥ ហើយដែលសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះប្រារព្ធការប្រកួតធ្វើតេស្តសមត្ថភាពរបស់ក្រុមកីឡាករ-កីឡាការិនី ដែលមានការសហការទីលានល្អប្រណិតសម្រាប់ប្រកួតប្រជែងពីដៃគូ Genius Resort ក្នុងនោះលោក សាត សាវីត គ្រូបង្វឹកប្រចាំក្លឹប Genius និងជាគ្រូជំនួយក្រុមជម្រើសជាតិសេះកម្ពុជាផងនោះបានវាយតម្លៃខ្ពស់ពីកម្រិតសមត្ថភាពរបស់ក្រុមកីឡាករជម្រើសជាតិកម្ពុជាទាំងអស់ដែលមកប្រកួតប្រជែងមានការកើនឡើងជាលំដាប់។ សមិទ្ធិផលទាំងនេះកើតចេញពីការហ្វឹកហាត់ដិតដល់របស់ពួកគេតាមរយៈការនាំគ្រូជំនាញៗមកពីក្រៅស្រុកបន្ថែម និងពិសេសបំផុតគឺជាការអនុវត្តផ្ទាល់លើការប្រកួតដែលសហព័ន្ធតែងតែធ្វើឡើងជារឿយៗ។
គ្រូបង្វឹកវ័យ៣៧ឆ្នាំរូបនេះសង្កេតឃើញថាក្រុមកីឡាកររបស់លោកមានការវិវត្តទាំងកត្តាបច្ចេកទេសក្នុងការបញ្ជាសេះ ភាពមានជំនឿចិត្ត និងកត្តាស្មារតីរបស់ពួកគេក៏កាន់តែខ្លាំងខ្លានោះ។
គួរបញ្ជាក់ផងដែរ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ និង Genius Resort ក្នុងភាពជាដៃគូបានបង្កើតនូវការប្រកួតតេស្តសមត្ថភាពក្រុមកីឡាកររបស់ខ្លួនមិនថាក្រុមជម្រើសជាតិ ឬក៏អតិថិជនរបស់វីសត ដោយក្នុងនោះមាន២វិញ្ញាសាដាក់ឱ្យប្រកួត Gymkhana កម្រិត១ដល់៣ និង Show Jumping ពីកម្រិត ២០សង់ទីម៉ែត្រ ដល់ទៅ ១១០សង់ទីម៉ែត្រ៕