កីឡាករ ព្រំ ឌីយ៉ាម៉ង់ សមាជិកនិងជាគ្រូបង្វឹកក្រុមបាល់ទាត់ក្នុងសាល THE PEANUT FT បានបង្ហាញការយល់ឃើញរបស់ខ្លួនពាក់ព័ន្ធជាមួយបែបបទនិងគុណភាពរបស់យុវជនជំនាន់ក្រោយៗនេះហាក់មានរបៀបលេងមួយថ្មី ជឿនលឿន ខុសដាច់ពីជំនាន់គាត់ផ្តើមលេងដំបូងៗ។ បុរសវ័យ២៩ឆ្នាំបន្តទៀតថាទាំងនេះអាចកើតចេញពីភាពល្បីល្បាញនៃបាល់ទាត់ក្នុងសាលក្នុងប្រទេសកម្ពុជានូវពេលបច្ចុប្បន្ន កត្តាយុវជនឥឡូវមានឆ្លាតវៃក្នុងការស្វែងរកវិធីសាស្ត្រលេងថ្មីៗតាមរយៈអ៊ីធឺណេត បូករួមពួកគេទៅចូលរួមហ្វឹកហាត់ជាមួយក្រុមដែលមានគ្រូៗសំបូរបទពិសោធជាដើមនោះ។
កូនអ្នកភ្នំពេញដដែលក៏បានសាទរចំពោះការបង្កើតពានរង្វាន់បាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញលើកទី១ ឆ្នាំ២០២៤នេះឡើង លើសពីនេះម្ចាស់អាវលេខ ៦ប្រចាំក្រុម THE PEANUT FT ក៏បានអំពាវវនាវទៅដល់អ្នកមានធនធានបន្តគាំទ្រ និងបង្កើតពានរង្វាន់បាល់ទាត់ក្នុងសាលបែបនេះឱ្យបានច្រើនបន្ថែមទៀតផងដែរ។
ព្រំ ឌីយ៉ាម៉ង់ ចូលប្រឡូកក្នុងបាល់ទាត់ក្នុងសាលនេះដំបូងអំឡុងឆ្នាំ ២០១៨ ដោយចូលរួមជាមួយក្រុមបាល់ទាត់ DOWNTOWN SPORTS រួចបន្តជាមួយក្រុម TAICHI FT នឹងបច្ចុប្បន្នកំពុងលេងក៏ជាអ្នកដឹកនាំក្នុងក្រុម THE PEANUT FT ៕