លោក Conor Nestor បញ្ជាក់ជំហរជុំវិញតំណែងជាគ្រូបង្គោលក្រុមជម្រើសជាតិនារីកម្ពុជា

sok sovanpanha
17 មើល
0 នាទីអាន

នៅក្នុងសន្និសីទកាសែតមុនការប្រកួតមិត្តភាពអន្តរជាតិផ្លូវការលើកដំបូងរបស់ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជាដែលប្រព្រឹត្តិទៅនៅថ្ងៃ ពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយគ្រូបង្គោលក្រុមជម្រើសជាតិនារីកម្ពុជាលោក Conor Nestor បានលើកសរសើរទៅដល់ក្រុមកីឡាការិនីកម្ពុជាក្រោយប្រមូលផ្តុំក្នុងរយៈពេលកន្លងមកនេះ។  ដោយគ្រូបង្គោលវ័យ ៤១ឆ្នាំរូបនេះបានបញ្ជាក់ច្បាស់ៗថាសម្រាប់លោកថ្វីបើជាគ្រូធំក៏ពិតមែន លោកមិនមានអ្វីត្រូវកែប្រែច្រើននោះទេ ដោយលោកបន្ថែមថានៅតែរក្សារបៀបលេងដ៏ល្អរបស់ក្រុមជម្រើសជាតិដែលធ្លាប់ធ្វើបានល្អកាលពីពេលកន្លងមក ពិសេសគឺរបៀបលេងដែលគ្រប់គ្រងនៅការប្រកួត។

ជាមួយគ្នា ឆ្លើយតបទៅកាន់សំណួរពាក់ព័ន្ធនឹងភាពខ្លាំង និងខ្សោយរបស់បាល់ទាត់នារីនៅកម្ពុជាបុរសជនជាតិអៀរឡង់រូបនេះថាបាល់ទាត់នារីនៅកម្ពុជាមានភាពល្អត្រង់មានលីគបាល់ទាត់នារីអាជីពផ្ទាល់តែម្តង។ តែយ៉ាងណាលោកនៅតែទទួចសុំការជំរុញលើកទឹកចិត្តបន្ថែមឱ្យអាណាព្យាបាល ពិសេសគឺកម្រិតថ្នាក់មូលដ្ឋាន និងវ័យក្មេងៗ។

សូមបញ្ជាក់ថា នេះជាលើកទី១ហើយដែលក្រុមជម្រើសជាតិនារីកម្ពុជាមានការប្រកួតមិត្តភាពអន្តរជាតិបែបផ្លូវការដូចនេះ ដែលនឹងធ្វើឡើងនៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ត្រូវជួបទល់នឹងក្រុមជម្រើសកោះហ្គាំ ហើយ ៤ថ្ងៃបន្ទាប់នឹងត្រូវប្រកួតវគ្គជម្រុះក្នុងពូលនៃពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល G ៕