បទពិសោធពីស៊ីហ្គេម ២០២៣ ធ្វើឱ្យក្រុមបញ្ចសីឡាត់កម្ពុជាកើនសមត្ថភាពកាន់តែខ្លាំងមុនស៊ីហ្គេម២០២៥ចូលមកដល់

Neak Tola
7 មើល
0 នាទីអាន

មានរយៈពេល៤ខែហើយដែលក្រុម​អត្តពលិ​កីឡាបញ្ចសីឡាត់កម្ពុជាបានប្រមូលផ្ដុំហ្វឹកហាត់ពេញលេញដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសថៃ ក្នុងខែធ្នូ ខាងមុខ។

លោក ឌឹប ង៉ែត គ្រូជំនួយក្រុមកីឡាបញ្ចាត់សីឡាត់ជម្រើសជាតិកម្ពុជារៀបថា បទពិសោធពីការប្រកួតដំបូងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ធ្វើឱ្យកីឡាករ កីឡាការិនីកាន់តែយល់ដឹងពីបច្ចេកទេសច្រើនជាងមុន ទាំងការវាយយកពិន្ទុ និងការបោកជាដើម។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំក៏បានប្រឹងប្រែងខ្លាំងក្នុងការជំរុញ និងលើកទឹកចិត្តកូនក្រុម ទោះមិនមែនជាកីឡាជាតិរបស់ខ្មែរ ប៉ុន្តែកីឡាករ កីឡាការិនីអាចសម្របខ្លួនហ្វឹកហាត់បានយ៉ាងល្អ។

លោកគ្រូជំនួយដដែលបន្ថែមថា បើតាមគម្រោងពីថ្នាក់ដឹកនាំសហព័ន្ធកីឡាបញ្ចសីឡាត់កម្ពុជា ក្រុមអត្តពលិករបស់លោកអាចនឹងចូលរួមព្រឹត្តិការណ៍ប្រកួតណាមួយ ដើម្បីជាការត្រៀមមុនស៊ីហ្គេមផ្លូវការចូលមកដល់។

ទាក់ទងទៅនឹងការប្រកួតស៊ីហ្គេមនេះដែរ លោក ឌឹប ង៉ែត ទទួលស្គាល់ពីសមត្ថភាពល្អរបស់ក្រុមឥណ្ឌូនេស៊ីដែលជាម្ចាស់ក្បាច់គុន ក៏ដូចជាសមត្ថភាពគូប្រជែងដែលមានវៀតណាម និង ថៃជាដើម តែក៏រំពឹងកូនក្រុមនឹងអាចធ្វើបានល្អ ក្នុងការប្រកួតស៊ីហ្គេមសាជាថ្មីនេះ។

ចំណែកកីឡាការិនី ភឿន ស្រីនាង និងកីឡាករ ឈឹម រ៉ាឆាត ក៏បានបង្ហាញការតាំងចិត្តខ្ពស់ បន្ទាប់ពីទទួលបានបទពិសោធច្រើនពីការប្រកួតកីឡាស៊ីហ្គេម២០២៣កន្លងមក។

ក្រុមកីឡាបញ្ចសីឡាត់កម្ពុជាទើបកកើតឡើងចុងឆ្នាំ២០២២ និងបានទៅហ្វឹកហាត់នៅឥណ្ឌូនេស៊ីរយៈពេល៦ខែ មុនស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាលទ្ធផលពីការប្រកួតលើកដំបូងកាលឆ្នាំ២០២៣ ម្ចាស់កម្ពុជា ទទួលបានមេដាយ១២គ្រឿង ដែលមានមាស២គ្រឿង និងសំរឹទ្ធ១០គ្រឿង ហើយក្រោយមក ក្រុមកីឡាករ កីឡាការិនីកម្ពុជាក៏បានទៅប្រកួតកម្មវិធីនានា និងដណ្ដើមបានមេដាយជាហូរហែដែរ៕