យុវជន វន ដារ៉ា គ្រូជំនួយវិទ្យាល័យពងទឹកបានលើកឡើងពីអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលក្រុមវិទ្យាល័យខ្លួនបន្តមានវត្តមានចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥នេះ។ ដោយគ្រូវ័យ២០ឆ្នាំបន្តថាពានរង្វាន់កម្រិតវិទ្យាល័យមួយនេះពិតជាមានសារៈសំខាន់ដែលបានបណ្តុះ និងជំរុញទឹកចិត្តយុវជនក្នុងវិទ្យាល័យពងទឹកចង់ចូលលេងពានលក្ខណៈស្តង់ដាបែបនេះ។
គ្រូជំនួយមានមូលដ្ឋានក្នុងខណ្ឌដង្កោរូបនេះថាពិតជារឿងមោទនភាពមួយតំណាងមុខមាត់សម្រាប់ខណ្ឌដង្កោរបស់ទាំងមូល ពីព្រោះមានតែវិទ្យាល័យពងទឹកមួយប៉ុណ្ណោះដែលមានវត្តមានក្នុងពានមួយនេះ។ បន្ថែមពីនេះ អតីតកីឡាករក្រុមវិទ្យាល័យពងទឹករូបនេះក៏បាននិយាយខ្លះៗពាក់ព័ន្ធចំណាត់ការនៃការជ្រើសរើសកីឡាកររបស់វិទ្យាល័យសម្រាប់ការប្រកួតប្រជែងក្នុងរដូវកាលនេះផងដែរ៕