អ្នកគ្រប់គ្រងក្រុមសាលាអន្តរជាតិ អេស អាយ អេស បង្ហាញជំហរចូលរួមពានរង្វាន់ជើងឯកវិទ្យាល័យរយៈពេលវែង

sok sovanpanha
4 មើល
0 នាទីអាន

លោក ង៉ែត ច័ន្ទវាស្នា អនុប្រធានផ្នែកចំណេះទូទៅភាសាខ្មែរ និងក៏ជាអ្នកគ្រប់គ្រងទូទៅសម្រាប់ក្រុមបាល់ទាត់នៃសាលាអន្តរជាតិ អេស អាយ អេស បានលើកឡើងជុំវិញហេតុផលខ្លះៗដែលបណ្តាលចិត្តឱ្យសាលារបស់លោកមកចូលរួមក្នុងការប្រកួតប្រជែងពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលថ្មីនេះ ក៏ព្រោះតែថ្នាក់ដឹកនាំសាលាផ្ទាល់ចង់លើកកម្ពស់វិស័យកីឡាឱ្យកាន់តែផុសផល ពិេសសការបញ្ចៀសសិស្សានុសិស្សយកពេលទំនេរពីការសិក្សាធ្វើរឿងមិនត្រឹមត្រូវក្នុងសង្គម។

លោកបន្តថាថ្វីបើសមាសភាពក្រុមកីឡាករលោកនៅមានកម្រិតក៏ពិតមែន តែសម្រាប់រដូវកាលដំបូងនេះលោកចង់ក្រុមកីឡាករលោកទទួលបានបទពិសោធពីការប្រកួតកម្រិតពានស្តង់ដាមួយ ក៏ដូចជាការបន្សាំក្រុមកីឡាករទាំងអស់សម្រាប់ការប្រកួតនារដូវកាលក្រោយៗទៀត។

ជាមួយគ្នាដែរ គ្រូមានប្រភពពីខេត្តកំពតរូបនេះបានថាក្រុមកីឡាកររបស់លោកទាំងអស់ពេលទទួលបានដំណឹងថាសាលាមកចូលរួមប្រកួតក្នុងពានកម្រិតវិទ្យាល័យដ៏ធំមួយនៅទីក្រុងភ្នំពេញក្នុងឆ្នាំនេះពួកគេពិតជាសប្បាយចិត្ត និងចង់បង្ហាញខ្លួនឱ្យបានឆាប់ៗបំផុត៕