យុវជន នៅ ណារិន អ្នកចាំទីក្រុមបាល់ទាត់សម្ពន្ធយុវជនស្រឡាញ់សន្តិភាព និងក៏ជាអ្នកចាំទីក្រុមព្រះសីហនុអលស្តារក្នុងការប្រកួតមិត្តភាពទល់នឹងក្រុមបាល់ទាត់បឹងកេតបានសរសើរចំៗពីគុណផលរបស់កីឡាករកម្រិតអាជីពថាពិតជាល្អដូចអ្វីដែលខ្លួននិងសមាជិកក្រុមធ្លាប់ទស្សនាតាមកញ្ចក់ទូរទស្សន៍ពិតមែន។ អ្នកចាំទីអាយុ២៤ឆ្នាំរូបនេះបន្តថាកម្លាំងជើងនៃការស៊ុត១គ្រាប់ៗពិតជាធ្ងន់និងពិបាកក្នុងជួយសង្រ្គោះយ៉ាងខ្លាំង។
ស្របគ្នានេះដែរ យុវជនមានស្រុកកំណើតពីខេត្តកំពង់ចាមដដែលបន្ថែមថាមួយប្រកួតនេះខ្លួនពិតជាបានរៀនសូត្របានច្រើនពីក្រុមកីឡាកររបស់ក្លឹបបាល់ទាត់បឹងកេតលើចំណុចមួយចំនួនដូចជាដាក់សម្ពាធលើដៃគូ និងការសហការគ្នាលេងជាក្រុមជាដើម។ លើសពីនេះ ណារិន ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តនិងមិននឹកស្មានដល់ថាបានប្រកួតទល់នឹងក្រុមបឹងកេតដូច្នេះដែរ។
សូមបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅនេះក្នុងដំណើរទេសចរណ៍ទៅកាន់ខេត្តព្រះសីហនុរបស់ក្លឹបបាល់ទាត់បឹងកេតដោយក្រុមព្រះសីហនុអលស្តារបានប្រកួតមិត្តភាពតទល់និងក្រុមបឹងកេតសម្រាប់ពិធីបើកការប្រកួតបាល់ទាត់មហាជនប្រចាំឆ្នាំ២០២៥ ដែលរៀបចំដោយរដ្ធបាលខេត្តព្រះសីហនុដែលធ្វើឡើងនៅក្នុងអនុវិទ្យាល័យសម្ដេចឪ៕