Skip to content
លីគកំពូលថៃនៅតែបន្តទោះកូវីដ១៩ផ្ទុះឡើងវិញ តែក្លិបមួយស្នើលេងបិទទ្វារ
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទាត់

លីគកំពូលថៃនៅតែបន្តទោះកូវីដ១៩ផ្ទុះឡើងវិញ តែក្លិបមួយស្នើលេងបិទទ្វារ

ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលថៃនឹងនៅតែដំណើរការតាមការគ្រោងទុកសម្រាប់ចុងសប្ដាហ៍នេះ ទោះមានការរីករាលសាជាថ្មីនៃជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់ពីគណៈកម្មការរៀបចំការប្រកួតដែលបានប្រាប់អ្នកសារព័ត៌មានកាលថ្ងៃពុធ ទី២៣ ខែធ្នូ។

ប្រធានសហព័ន្ធបាល់ទាត់ថៃ លោក Somyot Poompunmuang រៀបរាប់ក្នុងសេចក្ដីថ្លែងការណ៍ថា ពុំមានអ្វីប្រែប្រួលឡើយ។

ជាមួយគ្នានេះ រដ្ឋាភិបាលក្រុងបាងកក ប្រកាសថា​ កីឡដ្ឋាននីមួយៗអាចផ្ទុកទស្សនិកជនបានពាក់កណ្ដាលនៃចំនួនកំណត់របស់ខ្លួន។

យ៉ាងណា លោក Somyot បង្ហើបថា សហព័ន្ធបានយល់ព្រមតាមសំណើក្លិប Samut Prakan ដែលសូមលេងបិទទ្វារក្នុងដីខ្លួនឯងពេលទទួលភ្ញៀវ Port FC នៅថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ពោលពុំអនុញ្ញាតមានអ្នកទស្សនាឡើយ។

ប្រមុខសហព័ន្ធដដែលសង្កត់ធ្ងន់ថា នេះជាការបង្ហាញពីទំនួលខុសត្រូវរបស់ក្លិបជាប់ដែនសមុទ្រមួយនេះដើម្បីបង្ការការរាលដាលជំងឺកូវីដ១៩។

Samut Prakan ជាខេត្តមួយដែលរងការរីករាលដាលខ្លាំងនាពេលថ្មីៗនេះ។

ដោយឡែកសម្រាប់ការប្រកួតរបស់ Samut Sakhon នៅ Thai League 2 ដែលត្រូវទទួលភ្ញៀវ Kastsart នៅថ្ងៃអាទិត្យ ត្រូវបានលើកពេលវិញហើយ។

បើតាម Bangkok Post ខេត្តសាមុតសាខនគឺជាចំណុចកណ្តាលនៃការផ្ទុះឡើង វីរុសកូរ៉ូណា នៅប្រទេសថៃ។

លោក Somyot បានបន្ថែមទៀតថា សហព័ន្ធបាល់ទាត់ថៃត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាព ប្រសិនបើរដ្ឋាភិបាលចេញបទបញ្ជាផ្អាកការប្រកួតបាល់ទាត់ ឬហាមឃាត់អ្នកទស្សនានៅកីឡដ្ឋាន។

សម្រាប់សង្វៀនប្រដាល់ជាច្រើនបានស្ម័គ្រចិត្តលុបចោលកម្មវិធីរបស់ពួកគេ។

លោក Somyot បានអំពាវនាវដល់ក្លិប និងភាគីពាក់ព័ន្ធចូលរួមគោរពតាមពិធីសារកូវីដ១៩យ៉ាងម៉ឺងម៉ាត់។ លោកអំពាវនាវអ្នកគាំទ្រ និងមន្ត្រីនៅកីឡដ្ឋានត្រូវតែពាក់ម៉ាស់មុខ និងរក្សាគម្លាតយ៉ាងខ្ជាប់ខ្ជួន៕