ទីបំផុត យើងបានរកឃើញ៤ក្រុមចុងក្រោយ សម្រាប់៤កៅអីដែលនៅសល់ក្នុងវគ្គចែកពូល Euro 2020 ដែលក្រុមទាំងនោះមានដូចជា ស្កុតឡែន ស្លូវ៉ាគី ហុងគ្រី និង ម៉ាសេដ្វានខាងជើង បន្ទាប់ពីពួកគេទទួលបានជ័យជម្នះនៅក្នុងវគ្គ play-off កាលពីយប់ថ្ងៃព្រហស្បត្តិ៍ទី១២ ខែវិច្ឆិកានេះ។
ក្រុមជម្រើសជាតិហុងគ្រី បានឆ្លងផុតវគ្គ play-off ក្រោយពីបានវាយបក២គ្រាប់នៅ៤នាទីចុងក្រោយ យកឈ្នះអ៊ីស្លង់ដោយលទ្ធផល ២-១ ហើយឡើងទៅកាន់ពូល F ជាមួយនឹងក្រុមខ្លាំងៗនៅអឺរ៉ុបដូចជា ព័រទុយហ្គាល់ បារាំង និង អាល្លឺម៉ង់។
ដោយឡែកក្រុមជម្រើសជាតិស្កុតឡែន បានឆ្លងមកកាន់ការប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ខ្នាតធំ ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៨ បន្ទាប់ពីអ្នកចាំទី David Marshall អាចសង្គ្រោះពីការស៊ុតបាល់១១ម៉ែត្រកាត់សេចក្ដី របស់ Aleksandar Mitrovic។ ហើយពួកគេត្រូវឡើងទៅជួបជាមួយ អង់គ្លេស ក្រូអាត និង សាធារណរដ្ឋឆែក នៅពូល D។
ចំណែកឯ ស្លូវ៉ាគីវិញត្រូវតតាំងជាមួយ អេស្ប៉ាញ ស៊ុតអែត និង ប៉ូឡូញ នៅក្នុងពូល E ក្រោយពីបានយកឈ្នះ ក្រុមអៀរឡង់ខាងជើង ២-១ នៅម៉ោងបន្ថែម ខណៈដែល ម៉ាសេដ្វានខាងជើងត្រូវប៉ះ ហុល្លង់ អ៊ុយក្រែន និង អូទ្រីសនៅពូល C បន្ទាប់ពីយកឈ្នះ ហ្សក់ហ្ស៊ី ១-០ នៅវគ្គ play-off។
សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់អឺរ៉ុបមួយនេះ នឹងប្រព្រឹត្តទៅរយៈពេលមួយខែ ដោយចាប់ផ្ដើមនៅថ្ងៃទី១២ ខែមិថុនា និង បញ្ចប់វិញនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១៕