Skip to content
    ទំព័រដើម  »  កីឡាជាតិ

ខ្លួនទីពឹងខ្លួន! យុវតីមកពីទឹកដីឦសាន ផល សុផាលីតា ពុះពារលេងបាល់រហូតបានឱកាសតេស្តនៅក្រុមអាជីព

ក្នុងឱកាសតេស្តជ្រើសរើសកីឡាការិនីក្រុមនារីបឹងកេតឃើញមានយុវតីចូលរួមមកសឹងតែគ្រប់ទិសទីមានទាំងខេត្តជិតនិងឆ្ងាយ។ ក្នុងនោះយុវតី ផល សុផាលីតា មកពីខេត្តមណ្ឌលគិរីបានលើកថាការលេងបាល់ទាត់របស់ខ្លួនមិនជាទទួលបានការសាទរពីសង្គមខ្លួនរស់នៅប៉ុន្មានទេ មិនថាគ្រួសារ ឬអ្នកជិតខាង។ ក៏ប៉ុន្តែយុវតីវ័យ១៨ឆ្នាំបន្ថែមថាខ្លួនតែងតែលួចលាក់ពីក្រុមគ្រួសារចេញទៅលេងជាញឹកញាប់ ក៏ព្រោះតែចិត្តស្រឡាញ់កីឡាមួយនេះខ្លាំងទៅហើយ។

លើសពីនេះយុវតីរៀនថ្នាក់ទី១១ដដែលបន្តថាក្រោយត្រឡប់ពីលេងបាល់ម្តងៗគេតែងតែទទួលបានការបន្ទោសបង្អាក់មិនឱ្យទៅលេងទៀតពីសំណាក់គ្រួសារ។ លើសពីនេះសូម្បីតែពេល សុផាលីតា មកធ្វើតេស្តជាមួយបឹងកេតនេះក៏មានការទិតៀនពីមជ្ឈដ្ឋានជុំវិញខ្លួនថារូបគេគ្មានសមត្ថភាពគ្រប់គ្រាន់ជាមួយកីឡាលើវាលស្មោះនេះឡើយ។

ទន្ទឹមគ្នាដែរ សិស្សវិទ្យាល័យមណ្ឌលគិរីក៏បានសារភាពថាដំបូងៗក្នុងនាមជាអ្នកចាំទីរូបគេមិនហ៊ានហក់ចាប់បាល់នៅឡើយទេ។ ក៏ប៉ុន្តែដោយសារតែទទួលបានដំបូន្មានពីគ្រូៗ និងការរៀនពីរបៀបគេចាំទីពីកីឡាករដទៃៗ ទើបមួយឆ្នាំក្រោយ សុផាលីតា អាចចេះហក់ផ្លុងចាប់បាល់បានដូចអ្នកចាំទីទូទៅ។ សម្រាប់នារីដែលចង់លេងបាល់ទាត់ ឬចង់ចាប់បាល់ទាត់ជាអាជីព យុវតីពាក់អាវលេខ១ប្រចាំក្រុមវិទ្យាល័យមណ្ឌលគិរីលើកទឹកចិត្តឱ្យចូលរួមទាំងអស់គ្នា ហ៊ានលះបង់ខ្លះបើស្រឡាញ់។

យុវតី ផល សុផាលីតា កាលពីពេលកន្លងទៅរូបគេនិងមិត្តរួមក្រុមមកពីមណ្ឌលគិរី ៣នាក់ទៀតបានមកធ្វើតេស្តសមត្ថភាព ដើម្បីចូលរួមជាមួយក្រុមនារីបឹងកេតដែលត្រៀមខ្លួនសម្រាប់ការប្រកួតលីគនារីឆ្នាំ២០២៤-២០២៥៕