យុវជន ហុង ចន្ថា សមាជិកក្នុងក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្ថិបានលាតត្រដាងរឿងរ៉ាវមួយមុនពេលខ្លួនមានវត្តមានក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤នេះ ក៏ព្រោះតែគេបានធ្វើការផ្លាស់ប្តូរសាលារៀនពីក្នុងខេត្តកណ្តាលមកសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិវិញ។ យុវជនវ័យ ១៨ឆ្នាំដដែលបន្តថាគេមានបំណងចង់លេងក្នុងលីគកម្រិតយុវជននេះយូរមកហើយ តែដោយហេតុសាលាចាស់របស់គេ វិទ្យាល័យហ៊ុនសែន តាខ្មៅមិនបានចូលរួមក្នុងការប្រកួតលីគវិទ្យាល័យនេះ ទើបជាហេតុនាំឱ្យគេខកខានដូច្នេះ។
ខ្សែបម្រើកណ្តាលពាក់លេខ១៩ខាងលើបន្ថែមទៀតថាកត្តាដែលគេសម្រេចចិត្តមកលេង និងសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិក្នុងឆ្នាំនេះ ក៏ដោយសារតែក្រុមគ្រួសាររបស់គេប្តូរលំនៅដ្ឋានមករស់នៅម្តុំសាលាផងដែរ។ លើសពីនេះ ហុង ចន្ថា បង្ហាញការប្តេជ្ញាចិត្តថានឹងព្យាយាមជួយក្រុមវិទ្យាល័យខ្លួនក្នុងឆ្នាំនេះឱ្យទទួលបានលទ្ធផលល្អមួយមុនពេលគេបញ្ចប់ការសិក្សាក្នុងនាមជាសិស្សវិទ្យាល័យ។
ក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិក្នុងការប្រកួតរដូវកាលថ្មីនៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យនេះ ក្រោយប្រកួតបាន៤សប្តាហ៍មកនេះហាក់មិនទាន់ទទួលបានលទ្ធផលគាប់ប្រសើរ ពោលចាញ់ក្រុមវិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេស ហ៊ុនសែន ជម្ពូវ័ន ៣ទល់នឹង០, បន្តចាញ់ក្រុមវិទ្យាល័យ សម្តេច ហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ ១ទល់នឹង០, ស្មើគ្នា ៣ទល់នឹង៣ ទល់នឹងវិទ្យាល័យ ពងទឹក និងយកឈ្នះលើក្រុមសាលារៀនអន្តរជាតិអាមេរិកកាំងប្រ៊ីដ ១ទល់នឹង៣ ផងដែរ៕