លោក ណាំង ប៊ុនណេង គ្រូបង្គោលក្រុមនារីបឹងកេតបានលើកពីបញ្ហាមួយចំនួនដែលរាំងស្ទះល្បឿនការអភិវឌ្ឍបាល់ទាត់នារីខ្មែរមិនមានភាពជឿនលឿនដូចក្រុមបុរស ព្រោះយុវតីខ្មែរយើងភាគច្រើនស្គាល់កីឡាមួយនេះក្រោយប្រុសៗ និងមួយទៀតបញ្ហាកាយសម្បទារបស់នារីៗមិនសូវជារឹងមាំ។
គ្រូបង្វឹកមានប្រភពពីខេត្តពោធិ៍សាត់ដដែលក៏បានបន្ថែមថា មកដល់ពេលនេះមានកីឡាការិនីខ្លះមិនទាំងស្គាល់ឈ្មោះកីឡាករកម្រិតកំពូលៗនៅឡើយផង នោះក៏ព្រោះតែពួកគេមិនសូវតាមដានបាល់បានដិតដល់ដូចបុរសៗនេះឯង។
មួយក្មេងប្រុសស្រឡាញ់បាល់ទាត់តាំងតែពីតូច មួយទៀតក្មេងប្រុសមានភាពរឹងមាំជាមួយនិងកីឡាហើយពួកគាត់តាមដានបាល់ទាត់ក្នុង ឬក្រៅស្រុកស្គាល់ច្រើនជាងនារីៗ។
គ្រូកាន់សញ្ញាបត្រ C License រូបនេះបានលើកទឹកចិត្តទៅដល់កីឡាការិនី ដែលស្រឡាញ់បាល់ទាត់ពិតប្រាកដ គប្បីខិតខំហ្វឹកហាត់បន្ថែមទៀត និងព្យាយាមសម្រួចសមត្ថភាពឱ្យដល់គោលដៅរបស់ពួកគេ។
លោក ណាំង ប៊ុនណេង បានចូលមកកាន់ដំណែងជាគ្រូបង្វឹកក្រុមបាល់ទាត់នារីបឹងកេតនាចុងឆ្នាំ២០២២ និងក៏ធ្លាប់ជាគ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម ២០ឆ្នាំដែលចូលរួមក្នុងព្រឹត្តិការណ៍ AFC U20 Women’s Asian Cup ឆ្នាំ២០២៣ផងដែរ៕