(ភ្នំពេញ)៖ ឧកញ៉ា ប្ញទ្ធី រស្មី បានចេញសេចក្តីថ្លែងអំណរគុណជូនចំពោះ សម្តេច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ និងអន្តជាតិ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចំណាយពេលវេលោដ៏មានតម្លៃ ក្នុងការចូលរួមពិធីបុណ្យគម្រប់ខួប ៣ឆ្នាំ មរណភាពរបស់ ឧកញ៉ា ប្ញទ្ធី សំណាង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។
តាងនាមឲ្យក្រុមគ្រួសារទាំងមូល ឧកញ៉ា ប្ញទ្ធី រស្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលឯកឧត្តមបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមពិធីបុណ្យគម្រប់ខួប ៣ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធ ឧកញ៉ា ប្ញទ្ធី សំណាង នាឱកាសនេះ និងបានថ្លែងដោយផ្ទាល់នូវជីវប្រវត្តិរបស់ឧកញ៉ា ប្ញទ្ធី សំណាង ក្នុងវិស័យកីឡានៅកម្ពុជា និងការខិតខំប្រឹងប្រែងបន្សល់ទុកនូវស្នាដៃជាច្រើននាពេលកន្លងមក។
ជាពិសេសជាងនេះទៅទៀត ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មានការអាលោះអាល័យជាខ្លាំងចំពោះការបាត់បង់ ឧកញ៉ា ប្ញទ្ធី សំណាង ដែលជាធនធានមនុស្សដ៏កម្រ និងមានតម្លៃសម្រាប់ក្រុមគ្រួសារបាល់ទាត់កម្ពុជា។ ឯកឧត្តមក៏បានគូសបញ្ជាក់បន្ថែមផងដែរថា ឧកញ៉ាជាបុគ្គលដ៏ឆ្នើមមួយរូប ជាប្តីដ៏សែនល្អ ជាឪពុកដែលផ្តល់ភាពកក់ក្តៅ ជាកូនប្រុសប្រកបដោយព្រហ្មវិហារធម៌ និងជាបងប្រុសគំរូដ៏គួរឱ្យគោរពស្រលាញ់សម្រាប់ក្រុមគ្រួសារ និងមិត្ភភក្តិទាំងអស់។
ក្រៅពីនេះ លោកក៏បានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុងវិស័យកីឡានៅកម្ពុជា ជាក់ស្តែងដូចជាក្លឹបបាល់ទាត់ Phnom Penh Crown FC ដែលលោកជាស្ថាបនិកក្នុងការកសាងក្លឹបនេះក្នុងការបណ្តុះបណ្តាលយុវជនបាល់ទាត់ខ្មែរ និងជួយកីឡាករខ្មែរឱ្យទទួលបានជោគជ័យ និងជាតំណាងជារតិក្នុងការប្រកួតលើឆាកអន្តរជាតិនានា និងទទួលបាននូវការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំកីឡា ក៏ដូចកីឡាករផងដែរ។
ជាថ្មីម្តងទៀត ក្នុងនាមក្រុមគ្រួសារទាំងមូល ខ្ញុំសូមប្រសិទ្ធិពរជ័យ បវរមហាប្រសើរជូនចំពោះ សម្តេច ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ សូមមានសុខភាពល្អបរិបូរណ៌ អាយុយឺនយូរ ឋាមពលខ្លាំងក្លា ប្រាជ្ញាវៀងវៃ ទទួលបានជោគជ័យក្នងការងារ និងបានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ៕