អ្នកចាត់ការ Carlo Ancelotti បាននិយាយរិះគន់កូនក្រុមបន្ទាប់ពី Real Madrid បញ្ចប់ការប្រកួតបើកឆាក La Liga ក្នុងរដូវកាលថ្មី ជាមួយលទ្ធផលស្មើគ្នា ១-១ ទល់ Real Mallorca ដោយលោក ទាមទារឱ្យមានការផ្តោតយកចិត្តទុកដាក់ទាំងការលេងប្រយុទ្ធ និងការពារឱ្យបានប្រសើរជាងនេះ។
បន្ទាប់ពីទទួលបានអារម្មណ៍រីករាយពីការឈ្នះជើងឯក UEFA Super Cup ទល់នឹង Atalanta នាប្រទេសប៉ូឡូញ ប៉ុន្ដែក្រុមយក្សអេស្ប៉ាញពុំសូវរីករាយនឹងការចាប់ផ្ដើមរដូវកាលថ្មីនៅក្របខណ្ឌ La Liga នោះទេ។
ក្រុមភ្ញៀវ Real Madrid មានឱកាសរកគ្រាប់បាល់នាំមុខ នាកីឡដ្ឋាន San Moix ពីការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធប្រេស៊ីល Rodrygo ប៉ុន្ដែត្រូវបានក្រុមម្ចាស់ផ្ទះ តាមស្មើមួយគ្រាប់វិញ ក្រោយចាប់ផ្ដើមវគ្គទី២ បាន៨នាទី ពីគ្រាប់បាល់តែតបញ្ចូលទីដោយ Muriqi។
Real Madrid គ្រប់គ្រងបាល់បានច្រើនក្នុងការប្រកួតនោះ ពីតំបន់បម្រើ តែលោក Ancelotti គិតថា ក្រុមរបស់លោកពុំទាន់ធ្វើបានល្អគ្រប់គ្រាន់ទេ ទោះបីជាពួកគេចាប់ផ្ដើមការប្រកួតបានយ៉ាងល្អក៏ដោយ។