អតីតអ្នកចាំទីដៃទីមួយរបស់ក្រុមវិទ្យាល័យជាស៊ីមសាមគ្គីក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៣ យុវជន សាយ ចាន់តុលា ក្នុងនាមជាគ្រូអ្នកចាំទីសម្រាប់រដូវកាលថ្មីបានលើកឡើងពីចំណុចខ្វះខាតមួយចំនួនរបស់សិស្សប្អូនដែលលេងតំណែងជាអ្នកចាំទីមិនទាន់មានគ្រប់នោះគឺការបញ្ជាការប្រកួត ការចេញចូលទៅយកបាល់ និងមិនមានការជជែកគ្នាជាមួយតំបន់ការពារបានច្បាស់លាស់។
យុវជនមានវ័យ២០ឆ្នាំដដែលបានបន្ថែមទៀតថាកត្តាអ្នកចាំទីចេះលេងជើងបានប៉ិនប្រសប់ក៏បូកបញ្ជូលក្នុងចំណុចខ្វះខាតផងដែរក្នុងនាមជាអ្នកចាំទីក្នុងសម័យបាល់ទាត់ទំនើបនេះ។ លើសពីនេះអ្នកចាំទីក្លឹបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ ក៏ថាពានរង្វាន់ AIA ជើងឯកវិទ្យាល័យពិតជារួមចំណែកយ៉ាងសំខាន់សម្រាប់ប្អូនៗកម្រិតវិទ្យាល័យបែបនេះឱ្យពួកគាត់មានឱកាសបង្ហាញខ្លួន ដុសខាត់សមត្ថភាព ដឹងអំពីក្បូនច្បាប់នៃការលេងបាល់ទាត់បែបផ្លូវការ ដើម្បីងាយស្រួលសម្រួចខ្លួនក្នុងការឈានជើងចូលជាកីឡាករអាជីពនៅថ្ងៃអនាគត។
សាយ ចាន់តុលា ថ្វីបើរដូវកាលថ្មីនៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤ ឆ្នាំ២០២៤នេះមិនអាចលេងឱ្យក្រុមវិទ្យាល័យខ្លួនបានក៏ពិតមែន ប៉ុន្តែរូបគេក៏នៅតែមកជួយក្រុមវិទ្យាល័យខ្លួនក្នុងនាមជាគ្រូអ្នកចាំទី។ ឆ្លងកាត់បីសប្តាហ៍មកនេះក្រុមវិទ្យាល័យ ជាស៊ីមសាមគ្គី ស្មើគ្នា ០ទល់នឹង០ ជាមួយវិទ្យាល័យជ័យវរ្ម័នទី៧ ឈ្នះក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព ១ទល់នឹង២ និងចាញ់វិទ្យាល័យ ព្រែកលៀប ១ទល់នឹង០ ផងដែរក្នុងសប្តាហ៍កន្លងទៅ៕