Skip to content
    ទំព័រដើម  »  កីឡាជាតិ

យុវជន រីម ម៉ុនហាក់ អង្គុយបម្រុង២រដូវកាលទម្រាំបានឱកាសបង្ហាញខ្លួនជាអ្នកចាំទីដៃទី១ប្រចាំវិ.ពងទឹក

យុវជន រីម ម៉ុនហាក់ អ្នកចាំទីប្រចាំក្រុមវិទ្យាល័យពងទឹកបាននិយាយអំពីដើមចមទម្រាំបានឱកាសក្លាយជាអ្នកចាំទីជម្រើសទី១ប្រចាំវិទ្យាល័យខ្លួន ក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យនេះ រូបគេថាត្រូវអង្គុយកៅអីបម្រុង ២រដូវកាលមកហើយ។ អ្នកចាំទីវ័យ ១៧ឆ្នាំដដែលបន្តថាមូលហេតុច្បងដែលធ្វើឱ្យគេមិនមានឱកាសចាំនោះ ក៏ព្រោះតែខ្លួនគេនៅក្មេងហើយសមត្ថភាពនៅមានកម្រិតពិបាកប្រជែងជាជម្រើស១១នាក់ដំបូងជាមួយអ្នកចាំទីរៀមច្បងរបស់គេ។

យុវជនមានមូលដ្ឋានក្នុងសង្កាត់ប្រទះឡាងខាងលើបន្ថែមទៀតថាកាលដែលមិនមានឱកាសលេងឱ្យសាលានោះ ពេលខ្លះគេលួចអន់ចិត្តនិងចង់មិនបន្តម្តងៗដែរ តែដោយចិត្តស្រឡាញ់ផង បូកផ្សំមានការលើកទឹកចិត្តពីលោកគ្រូៗផងគេនៅតែបន្តរហូតមានឱកាសក្នុងរដូវកាលនេះ។ ម៉ុនហាក់ ថាពេលដឹងដំណឹងថានឹងក្លាយខ្លួនជាអ្នកចាំទីដៃទី១ឱ្យវិទ្យាល័យពងទឹកនោះគេពិតជាមានអារម្មណ៍រំភើបដែលក្តីបំណងរបស់ខ្លួនបានក្លាយជាការពិតបែបនេះ។

ជាមួយគ្នា យុវជន រីម ម៉ុនហាក់ ក៏បានបង្ហាញការប្តេជ្ញាចិត្តថានឹងខិតខំជួយក្រុមឱ្យទទួលបានលទ្ធផលល្អណាមួយសម្រាប់ពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤ ឆ្នាំ២០២៤នេះ៕