Skip to content
    ទំព័រដើម  »  កីឡាជាតិ

កំណើនយុវជនចូលរួម ថ្នាក់ដឹកនាំសហព័ន្ធកីឡាឡើងភ្នំកម្ពុជាថាជាសញ្ញាណវិជ្ជមាន

ឯកឧត្តម ឡាំង អូណា បានមានប្រសាសន៍ថាកំណើននៃការចូលរួមយ៉ាងច្រើនពីកុះករពីសំណាក់យុវជនក្នុងការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៤ ពិតជារឿងល្អសម្រាប់ការផលិតធនធានបានកាន់ជាច្រើន។ នេះជាការលើកឡើងរបស់ ឯកឧត្តម ក្រោយបទបញ្ចប់ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នាក្លឹប Phnom Climb Community Gym។

ប្រធានសហព័ន្ធដដែលក៏បន្ថែមទៀតថាការដែលកីឡាឡើងភ្នំស្រូបទាញបានយុវជនឱ្យចូលរួមបែបនេះ ស្របជាមួយផែនការចម្បងរបស់ ឯកឧត្តម ក្នុងនាមជា ប្រធានថ្មីនៃសហព័ន្ធកីឡាឡើងភ្នំកម្ពុជាសម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤/២០២៨ តែម្តង។

គួររំឮកថា កីឡាករ-កីឡាការិនីចូលរួមក្នុងការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៤ មានចំនួន ៦៥ នាក់មកពី ៧ ក្លឹប។ ហើយការប្រកួតលើកនេះ សហព័ន្ធបានដាក់ ៣ វិញ្ញាសា រួមមានវិញ្ញាសា lead /Top Rope វិញ្ញាសា Boulder និងវិញ្ញាសា Speed ដោយមានការបែងចែកអាយុដូចជា ក្រុមអាយុក្រោម ១១ ឆ្នាំ (កុមារា និងកុមារី) ក្រុមអាយុក្រោម ១៥ ឆ្នាំ (បុរស និងនារី) ក្រុមអាយុក្រោម ១៨ ឆ្នាំ (បុរស និងនារី) និងក្រុមអាយុ ១៨ ឆ្នាំឡើង(បុរស និងនារី)៕