Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Mario Balotelli ចូលរួមក្លឹបមួយនៅ Serie A ក្រោយទំនេរពីបាល់ទាត់ជាច្រើនខែ

ខ្សែប្រយុទ្ធ Mario Balotelli បានត្រលប់មកអ៊ីតាលីវិញ ដោយចូលរួមក្លឹប Genoa ដោយពុំមានតម្លៃផ្ទេរ។ កីឡាករវ័យ៣៤ឆ្នាំ បានធ្វើតេស្តសុខភាពដោយជោគជ័យ កាលពីថ្ងៃចន្ទ មុនពេលចុះហត្ថលេខាកុងត្រាជាមួយក្លឹប Genoa ដែលមានសុពលភាពរហូតដល់ដំណាច់រដូវកាលនេះ ប៉ុន្ដែសារព័ត៌មានអ៊ីតាលី បានរាយការណ៍ថា Genoa មានលក្ខខណ្ឌបញ្ចប់កុងត្រារបស់គេក្នុងខែមករា ប្រសិនបើការលេងមិនបានតាមការរំពឹងទុក។

ក្នុងថ្ងៃបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាកីឡាកររបស់ Genoa ខ្សែប្រយុទ្ធ Balotelli បាននិយាយថា៖ “ខ្ញុំរីករាយណាស់។ ខ្ញុំមិនចង់និយាយច្រើននោះទេ។ ខ្ញុំចង់ចាប់ផ្ដើមនៅទីនេះ។ ខ្ញុំផ្ដល់គ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន”។

អតីតសមាជិកក្លឹប Manchester City ពុំមានក្លឹបលេងនោះទេ តាំងពីគេចាកចេញពីក្លឹបតួកគី Adana Demirspor កាលពីខែមិថុនា។ លើកចុងក្រោយបង្អស់ដែលគេលេងនៅ Serie A គឺក្នុងរដូវកាល ២០១៩-២០ កាលនៅជាកីឡាកររបស់ក្លឹប Brescia បន្ទាប់មកគេបានចូលរួម Monza ហើយលេងក្នុងក្របខណ្ឌ Serie B របស់អ៊ីតាលី ក្នុងរដូវកាល ២០២០-២១។

ការសម្រេចចិត្តនាំយក Belotelli មកចូលក្រុម កើតឡើងបន្ទាប់ពី Genoa មានការខ្វះខាតកីឡាករដោយសារបញ្ហារបួស រួមមានខ្សែប្រយុទ្ធបីរូបដូចជា Vitinha, Junior Messias និង Caleb Ekuban។

Genoa ទទួលបានជ័យជម្នះតែម្ដង និងចាញ់៥ប្រកួតក្នុងចំណោមការលេង៩លើកក្នុងលីគរដូវកាលនេះ មុនពេលពួកគេប្រកួតទល់ Fiorentina នាថ្ងៃព្រហស្បតិ៍នេះ។ ពួកគេស្ថិតនៅក្នុងចំណោមដែលមានតំបន់ប្រយុទ្ធអន់បំផុតក្នុងលីគកំពូលអ៊ីតាលី ដោយរកគ្រាប់បាល់បានតែ៧គ្រាប់ប៉ុណ្ណោះ។

Balotelli បានបង្ហាញខ្លួនជាលើកដំបូងក្នុង Serie A ជាមួយ Inter Milan កាលពីឆ្នាំ២០០៧ ក្រោមការបង្វឹកដោយអ្នកចាត់ការ Roberto Mancini។ គេឈ្នះជើងឯកលីគកំពូលអ៊ីតាលី៣លើកជាមួយ Inter និងជាសមាជិកដែលបានឈ្នះ Treble ជាមួយពួកគេក្នុងឆ្នាំ២០១០ ដែលកាលនោះដឹកនាំដោយលោក Jose Mourinho ផងដែរ។

គេបានក្លាយជាកូនក្រុមរបស់លោក Mancini ជាថ្មីនៅ Man City ហើយឈ្នះ FA Cup និង Premier League មុនពេលចូលរួម AC Milan ហើយបានផ្លាស់ទៅ Liverpool បន្ទាប់មកក៏បានទៅលេងនៅបារាំង៤ឆ្នាំ សម្រាប់ក្លឹប Nice និង Marseille។ Genoa ជាក្លឹបទី១១ ក្នុងអាជីពរបស់ Balotelli៕