Skip to content
    ទំព័រដើម  »  កីឡាជាតិ

ថ្មីសន្លាងក្នុងការប្រឡូកពានរង្វាន់អ្នកចាត់ការក្រុម Eagle FC បង្ហើបមហិច្ឆតាក្រសោប ពានរង្វាន់បាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញ

បន្ទាប់ពីទទួលបាន៣ពិន្ទុដំបូងប្រចាំពូល C ក្រោយឈ្នះក្រុម Sena Angkor United កីឡាករ អ៊ូចតាំ សុធារិន្ទ កីឡាករនិងក៏ជាអ្នកចាត់ការទូទៅប្រចាំក្រុម Eagle FC បានបង្ហាញការសប្បាយរីករាយដែលក្រុមសហការគ្នាធ្វើបានល្អបែបនេះ។ ស្របគ្នាដែរម្ចាស់អាវលេខ៩ដដែលក៏បានប្រាប់អំពីគោលបំណងធំរបស់ក្រុមខ្លួនថាចង់ដណ្តើមតំណែងជាជើងឯកសម្រាប់ពានរង្វាន់បាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញរដូវកាលទី១ ថ្វីត្បិតឆ្នាំ២០២៤នេះគឺជាឆ្នាំដំបូងប្រឡូកក្នុងការប្រកួតលក្ខណៈផ្លូវការក៏ដោយ។

អ្នកចាត់ការវ័យ២៣ឆ្នាំបន្តទៀតថាសមាជិកទាំងអស់សុទ្ធតែមានគោលដៅខ្ពស់ ជាក់ស្តែងតែងតែប្រមូលផ្តុំគ្នាហ្វឹកហាត់ជាប្រចាំមុនការប្រកួតចូលមកដល់។ សុធារិន្ទ បន្ថែមទៀតថាក្រុម Eagle FC បង្កើតឡើងនេះក៏ចង់រួមចំណែកអភិវឌ្ឍបាល់ទាត់ក្នុងសាលកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតផងដែរ។

ក្រុម Eagle FC ធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតដំបូងរបស់ខ្លួនដោយឈ្នះក្រុម Sena Angkor United ក្នុងលទ្ធផល ៧ទល់នឹង៣។ សម្រាប់ប្រកួតក្រោយពួកគេនឹងត្រូវជួបតទល់នឹងក្រុមខ្លាំងមួយទៀតប្រចាំពូល C គឺ The Peanut FC ៕