កីឡាករ ព្រំ ឌីយ៉ាម៉ង់ សមាជិកក្រុមបាល់ទាត់ក្នុងសាល THE PEANUT FT ក្រោយជួយក្រុមឡើងទៅកាន់វគ្គបន្តពានរង្វាន់បាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញរដូវកាលទី១ ឆ្នាំ២០២៤ ឌីយ៉ាម៉ង់បានឆ្លៀតប្រាប់ពីរឿងរ៉ាវដែលខ្លួនចាំមិនភ្លេចមួយពេលចេញទៅលេងតំណាងជាតិលើកដំបូងរបស់ខ្លួនដោយថាគឺជាឱកាសដ៏កម្រមួយដែលអាចពាក់អាវជម្រើសជាតិហើយលេងតំណាងប្រជាជនខ្មែរ រឹតតែពិសេសទៀតរូបគេកាន់តែរំភើបខ្លាំងពេលដែលអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីឱ្យក្រុមជម្រើសជាតិកម្ពុជាបាល់ទាត់ក្នុងសាល។
បទពិសោធតាំងឆ្នាំ២០១៨ប្រឡូកក្នុងបាល់ទាត់ក្នុងសាលកីឡាករវ័យ២៩ឆ្នាំដដែលបន្ថែមទៀតថាពេលបានចេញទៅប្រឡូកលើអន្តរជាតិដូច្នេះ ព្រំ ឌីយ៉ាម៉ង់ ភ្ញាក់ផ្អើលយ៉ាងខ្លាំងពីកម្រិតសមត្ថភាពក្រុមកីឡាករមកពីប្រទេសនានាដែលចូលរួមដោយថាពួកគេពិតជាបោះជំហានលឿនមុនជាងប្រទេសយើងពិតមែន។ ដោយបុរសមានមូលដ្ឋាននៅទីក្រុងភ្នំពេញនិយាយថាខុសទាំងកត្តាកម្លាំង របៀបរបបលេង និងការរៀបចំក្រុមជាដើម។
ព្រំ ឌីយ៉ាម៉ង់ ចូលប្រឡូកក្នុងបាល់ទាត់ក្នុងសាលនេះដំបូងអំឡុងឆ្នាំ ២០១៨ ដោយចូលរួមជាមួយក្រុមបាល់ទាត់ DOWNTOWN SPORTS រួចបន្តជាមួយក្រុម TAICHI FT នឹងបច្ចុប្បន្នកំពុងលេងក្នុងក្រុម THE PEANUT FT ៕