ក្នុងកិច្ចសម្ភាសន៍ពិសេសកម្មវិធីអេចអូចកីឡារបស់ AMS Sports ជាមួយក្រុម The Peanut FT មុនវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ក្នុងសាល ជើងឯករាជធានីភ្នំពេញ រដូវកាលទី១ កីឡាករ ជី លីហេង និងសំអូន សក្ការះ បានបង្ហាញទស្សនរបស់ពួកគេជុំវិញការលេងក្រោមការដឹកនាំរបស់កីឡាករ ព្រំ ឌីយ៉ាម៉ង់ ដែលមានតួនាទីជាគ្រូផង និងជាកីឡាករនាំលេងផងនោះដោយអ្នកទាំងពីរថាក្រុម The Peanut FT ហាក់មានការប្រែប្រួល មានទាំងប្រព័ន្ធលេងថ្មីៗប្លែកៗ កត្តាភាពមានវិន័យរបស់ក្រុមក៏កាន់តែមានប្រសិទ្ធភាពចាប់តាំងពី ព្រំ ឌីយ៉ាម៉ង់ ចូលមកដឹកនាំក្នុងរយៈពេលខ្លីនេះ។
ក្នុងឱកាសជាមួយគ្នានោះ កីឡាករ ជី លីហេង ក៏បានផ្ញើសារលើកទឹកចិត្តទៅកាន់យុវជន និងក្រុមបាល់ទាត់ក្នុងសាលជំនាន់ក្រោយដែលស្រឡាញ់ និងកំពុងប្រឡូកក្នុងកីឡានេះតែនៅខ្វះខាត ឱ្យពួកគេបន្តការខំប្រឹងដុសខាត់បន្ថែម នោះច្បាស់ណាស់នាពេលខាងមុខនឹងមានការ ជួយជ្រោមជ្រែងពីបណ្តាលអ្នកមានធនធានជាក់ជាពុំខាន។
សូមរំឭកថា ក្រុម The Peanut FT បានឡើងមកកាន់វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ក្នុងសាល ជើងឯករាជធានីភ្នំពេញ រដូវកាលទី១ដោយបំបាក់ក្រុមចាស់វស្សា Ovmal FC ក្នុងលទ្ធផល ៥ទល់នឹង ៤។ ប្រកួតបន្ទាប់ត្រូវជួបតទល់នឹងក្រុម C-Light Star FC ដើម្បីដណ្តើមកៅអីទៅវគ្គផ្តាច់ព្រ័ត្រ៕