កីឡដ្ឋានធំ ឬ Main Stadium នៅពហុកីឡដ្ឋានមរតកតេជោនឹងត្រូវបានបញ្ចប់ការសាងសង់រួចរាល់ អំឡុងខែឧសភា ឆ្នាំ២០២១។ នេះបើតាមការឲ្យដឹងពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ក្រោយដំណើរទស្សនកិច្ចនៅពហុកីឡដ្ឋានមរតកតេជោ នាព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលា ពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ត្រៀមការប្រកួតស៊ីហ្គេមលើកដំបូងនៅកម្ពុជា។
ដំណើរទស្សនកិច្ចនេះក៏មានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្ដៃយ៍ CAMSOC និងលោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដើម្បីជាសក្ខីភាពក្នុងការធ្វើបទបង្ហាញពីបច្ចុប្បន្នភាពនៃដំណើរការសាងសង់កីឡដ្ឋានធំ ឬ Main Stadium ដែលជាហិរញ្ញប្បទានឥតសំណងដ៏ធំរបស់រដ្ឋាភិបាលចិន។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា គោលដៅទស្សនកិច្ចរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ គឺពិនិត្យវឌ្ឍនភាពរបស់ក្រុមហ៊ុនចិន ដែលទទួលបន្ទុកសាងសង់កីឡដ្ឋានធំ និងក្រុមហ៊ុន World Bridge ដែលទទួលបន្ទុកសាងសង់ភូមិកីឡា (Athlete Village) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ហើយតំណាងក្រុមហ៊ុនទាំងពីរ សុទ្ធតែបានបញ្ជាក់ជាវិជ្ជមាន ក្នុងការសាងសង់ឲ្យបានរួចរាល់ តាមពេលវេលាកំណត់។
ឯកឧត្តមសង្កត់ធ្ងន់ថា ខាងក្រុមហ៊ុនភាគីចិនបានបញ្ជាក់ថា Main Stadium នឹងត្រូវបានបិទបញ្ចប់នៅខែឧសភា ឆ្នាំ២០២១ ពោលលើសមួយខែនៃការបញ្ជាក់ពីមុន ដោយសារយើងឃើញមានការតុបតែង បន្ទប់ កៅអី និងកញ្ចក់ជាដើម ត្រូវការពេលច្រើន និងការតុបតែងខាងក្នុង មានទីលានបាល់ទាត់ កន្លែងរត់អត្តពលកម្ម សណ្ឋាគារ និងកន្លែង VIP ជាដើម ត្រូវការរៀបចំច្រើន។ បន្ទាប់ពីរួចរាល់ហើយ គេគ្រោងនឹងបើកសម្ពោធកីឡាជាតិ លើកទី៤។
ពាក់ព័ន្ធនឹងដំណើរការសាងសង់ភូមិកីឡាវិញ អគ្គលេខាធិការ CAMSOC ខាងលើបញ្ជាក់ថាគឺធ្វើយ៉ាងណាឲ្យទាន់ពេលវេលា ដោយ លោក សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge បានសន្យានឹងធ្វើឲ្យទាន់ពេលវេលា ហើយទីកន្លែងនេះ គឺជាកន្លែងប្រមូលផ្ដុំកីឡាករ-កីឡាការិនីស្នាក់នៅ និងហូបចុកប្រមាណជាង ៧,០០០នាក់ ព្រមទាំងមានការប្រកួតកីឡាក្នុងសាលមួយចំនួនទៀតផង។
សម្ដេចពិជ័យសេនា ទៀត បាញ់ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ ហើយសម្ដេចបានជំរុញដំណើរការឲ្យកាន់តែល្អប្រសើរ ទៅតាមគម្រោង និងពេលវេលា ពិសេសតាមស្ដង់ដារបច្ចេកទេស និងតាមប្រភេទកីឡានីមួយៗ៕