អ្នកប្រដាល់ជើងចាស់ Mike Tyson បានច្រានចោលចចាមអារ៉ាមពាក់ព័ន្ធនឹងការលេចឮថា លោកនឹងឡើងសង្វៀនប្រកួតតទល់ជាមួយតារាយូធូប Jake Paul ក្នុងការប្រកួតមិត្តភាពក្នុងឆ្នាំនេះ។
មានដំណឹងលេចឮកាលពីថ្ងៃចន្ទថា អតីតម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ធ្ងន់រូបនេះ អាចនឹងឡើងវាយជាមួយនឹង Jack Paul នៅ Las Vegas ក្នុងឆ្នាំ២០២២នេះ។
ប៉ុន្ដែលោក Tyson ដែលធ្លាប់ចូលរួមអបអរឆ្នាំថ្មីជាមួយ Paul និយាយថា៖ “វាជារឿងថ្មីសម្រាប់ខ្ញុំ។ ខ្ញុំឃើញ Jake នៅ St. Barths ហើយគេមិនដែលនិយាយពីរឿងនេះទេ”។
សូមរំឭកថា អតីតអ្នកប្រដាល់ Mike Tyson បានបញ្ចប់អាជីពនៅលើរិញ ក្នុងឆ្នាំ២០០៥ នៅលើកៅអីឱ្យទឹក បន្ទាប់ពីការប្រកួត៥ទឹកទល់នឹងកីឡាករ Kevin McBride។
លោកបានត្រលប់មកលើសង្វៀនវិញក្នុងឆ្នាំ២០២០ ក្នុងការប្រកួតមិត្តភាពជាមួយវីរបុរសប្រដាល់លោក Roy Jones Junior ដែលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា។
តារានៅលើបណ្ដាញសង្គម Jake បច្ចុប្បន្នមានវ័យ២៥ឆ្នាំ ធ្លាប់បានចូលរួមប្រកួតប្រដាល់អាជីព៥លើក ឈ្នះទាំង៥ដង មិនដែលចាញ់ មិនដែលស្មើ ដោយឈ្នះ Tyron Woodley ពីរលើក និងម្ដងលើ Ben Askren។
យោងតាមប្រភពពីសារព័ត៌មាន The Sun បានរាយការណ៍ថា Mike Tyson និង Jake Paul មានការព្រមព្រៀងគ្នា ដើម្បីត្រៀមសម្រាប់ការប្រកួតមិត្តភាពនៅ Las Vegas។ ទោះយ៉ាងណាក្ដី Mike Tyson បានចេញមុខបដិសេធដំណឹងនេះ។
កន្លងមកបុរស៥៥ឆ្នាំរូបនេះ ធ្លាប់លើកសរសើរ Jake និងបងប្រុសរបស់គេគឺ Logan Paul សម្រាប់ឥទ្ធិពលរបស់គេនៅលើសង្វៀនប្រដាល់។ Logan ធ្លាប់ប្រកួតលំដាប់អាជីពម្ដងដោយចាញ់តារា Youtuber ដូចគ្នាគឺ KSI ក្នុងឆ្នាំ២០១៩ មុនពេលតតាំងជាមួយ Floyd Mayweather ក្នុងការប្រកួត៦ទឹកកាលពីរដូវក្ដៅកន្លងទៅ៕