អាងហែលទឹកនៃពហុកីឡដ្ឋានជាតិដែលត្រូវបានជួសជុលកែលម្អឲ្យកាន់តែមានសោភ័ណ្ឌភាពឡើងវិញក្នុងតម្លៃជិត៣លានដុល្លារអាមេរិកនោះត្រូវបានដាក់សម្ពោធជាផ្លូវការហើយនៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានមានប្រសាសន៍ថា បញ្ជាក់ថា បច្ចុប្បន្នសហព័ន្ធខ្មែរកីឡាហែលទឹក មានអាងហែលទឹកស្តង់ដារចំនួន៤ គឺ អាងហែលទឹកពហុកីឡដ្ឋានមរតកតេជោ អាងហែលទឹកតេជោសែនខេត្តកំពង់ចាម អាងហែលទឹកស្រុកកោះធំ និងអាងហែលទឹកអូឡាំពិក ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ។ សហព័ន្ធខ្មែរកីឡាហែលទឹកក៏កំពុងសាងសង់អាងហែលទឹកស្តង់ដារមួយទៀតនៅខេត្តបាត់ដំបង ដើម្បីត្រៀមខ្លួនក្នុងការចូលរួមប្រកួតប្រជែង និងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា អាងហែលទឹកនៅពហុកីឡដ្ឋានជាតិ គឺជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡាហែលទឹក ក្នុងផែនការមេឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។
គួរំឭកថា អាងហែលនៃពហុកីឡដ្ឋានត្រូវបានសាងសង់ឡើងចន្លោះឆ្នាំ១៩៦១-១៩៦៥ជាស្នាដៃរបស់ ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ ក្រោមព្រះរាជតម្រិះផ្តួចផ្តើមពីព្រះបរមរតនកោដ្ឋព្រះបាទនរោត្តមសីហនុ ។ អាងហែលទឹកនេះបានសម្ពោធដាក់ឲ្យប្រើប្រាស់អំឡុងឆ្នាំ១៩៦៧។
ការបើកការដ្ឋានជួសជុលជុល និង ស្តារឡើងវិញត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ ២០១៨ ហើយ បានបញ្ចប់ជាស្ថាពរនៅអំឡុង ខែមេសាឆ្នាំ ២០២០ ។ តាមគម្រោងនៃការជួសជុលត្រូវបញ្ចប់នៅដំណាច់ខែមិថុនាឆ្នាំ២០១៩។ ប៉ុន្តែការជួសជុលត្រូវបានអូសបន្លាយពេលជិតមួយឆ្នាំ ដោយសារ សហព័ន្ធបានបន្ថែមឧបករណ៍បច្ចេកទេសមួយចំនួនដើម្បីឲ្យអាងហែលទឹកនេះមានគុណភាពស្របតាមស្តង់ដារអន្តរជាតិ៕