កីឡាករ គង់ រតនៈ ជម្រើសជាតិសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ផ្អែកលើបទពិសោធបន្តិចបន្ទួចក្នុងកីឡាសេះប្រមាណ ៥ឆ្នាំ មកនេះ រតនៈ បានកត់សម្គាល់ថាប្រទេសអ៊ឺរ៉ុបធំៗ ៣ រួមមាន ចក្រភពអង់គ្លេស បារាំង និងអាឡឺម៉ង់ ជាប្រទេសសំបូរប្រភេទសេះល្អៗច្រើន។ កីឡាករមានមូលដ្ឋានក្នុងរាជធានីភ្នំពេញ ដដែលបន្តទៀតថា ដោយសារតែជាប្រទេសអភិវឌ្ឍ ទីតាំងអំណោយផលល្អផង និងពិសេសទីផ្សារសេះនៅទីនោះមានភាពទូលំទូលាយ។
ជាមួយគ្នាកីឡាករជម្រើសជាតិសេះវ័យ១៧ឆ្នាំដដែលបន្ថែមថា ចង់ដឹងសេះល្អ ឬមិនល្អ មិនអាចមើលតែនិងភ្នែកផ្ទាល់តែម្តងនោះទេ។ រតនៈ ថាចង់ប្រាកដពីគុណភាពសេះច្បាស់គឺ ត្រូវការពេលវេលាសិក្សាពីសេះឱ្យបានច្រើនជាមុនសិន។
គង់ រតនៈ ចូលរួមជាមួយកីឡាជិះសេះនេះបានរយៈពេលប្រាំឆ្នាំមកហើយ និងជាធនធានរបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះសម្រាប់ដណ្តើមមេដាយផ្សេងៗ។ សម្រាប់សមិទ្ធផលធំដែលគេសម្រេចបានគឺមេដាយមាសក្នុងកម្មវិធី FEI SEA YOUTH CUP 2023 នៅប្រទេសថៃកាលពីឆ្នាំទៅ៕