ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោក Jack Huang អនុប្រធានសហព័ន្ធបង្ហាត់ជិះសេះអន្តរជាតិ (FEI) ថ្លែងថាលោកនឹងបន្តជួយជំរុញគាំទ្រសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបន្ថែមទៀត ដើម្បីសម្រួលដល់ការអភិវឌ្ឍធនធានកីឡាជិះសេះមួយនេះឱ្យកាន់តែរីកចម្រើន។
លើសពីនេះតាមរយៈកិច្ចសហប្រត្តិបត្តិការរវាង FEI និង CEF អនុប្រធានដដែលបន្តថានឹងជួយផ្តល់នៅកម្មវិធីសិក្សាអំពីសុវត្ថិភាពទូទៅនៃការថែទាំសេះ និងសកម្មភាពនៃការប្រកួតសេះ។ ធ្វើយ៉ាងណាឱ្យក្រុមជម្រើសជាតិសេះកម្ពុជាអាចឈ្នះមេដាយធំៗពីព្រឹត្តិការណ៍អន្តរជាតិនានា ដូចជា Sea Games នៅប្រទេសថៃ និងអូឡាំពិកយុវជនឆ្នាំ២០២៦ជាដើម។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងថាតាមរយៈកិច្ចសហប្រត្តិបត្តិការដល់ស្អិតរមួតជាមួយ FEI បែបនេះ លោកសង្ឃឹមថានឹងក្លាយជាថាមពលដល់សំខាន់ក្នុងការរុញច្រានគុណផលរបស់ក្រុមកីឡាករជម្រើសជាតិជិះសេះកម្ពុជាឱ្យឈានដល់ចំណុចកំពូល សម្រាប់ត្រៀមចូលរួមប្រកួតអន្តរជាតិនាពេលអនាគត។
ជាមួយគ្នាដែរ អ្នកអង្គម្ចាស់ នរោត្តម ណាន់ដាទេវី អគ្គលេខាធិការសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានបង្ហាញព្រះទ័យរីករាយដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធបង្ហាត់ជិះសេះអន្តរជាតិបែបនេះ។ អគ្គលេខាធិការដដែលក៏បន្តមានបន្ទូលថាតាមរយៈជំនួយបច្ចេកទេសពី FEI បែបនេះទ្រង់ជឿជាក់ថាក្រុមជម្រើសជាតិសេះរបស់កម្ពុជានិងសម្រេចសមិទ្ធផលយកមកជូនជាតិជាក់ជាពុំខាន។
សម្រាប់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានការសាទរចំពោះសមិទ្ធផលដែលក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានកន្លងមក។ លើសពីនេះតាងនាមឯកឧត្តមជារដ្ឋមន្ត្រីក្រសួងកសិកម្ម លោកនឹងជួយសម្របសម្រួលរាល់នីតិវិធីផ្សេងៗសម្រាប់ការនាំចេញសេះទៅប្រកួតនៅឆាកអន្តរជាតិនានា។
គួររំឭកថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានរៀបចំទទួលដំណើរទស្សនកិច្ចរបស់លោក Jack Huang អនុប្រធានសហព័ន្ធបង្ហាត់ជិះសេះអន្តរជាតិ (FEI) នៅបរិវេណ Genius Resort ។ ក្នុងនោះក៏មានវត្តមានឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC និងលោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះផងដែរ៕