លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ទទូចថា ជាប្រវត្តិសាស្ត្រហើយដែលកម្ពុជាមានក្រុមបាល់ទះយុវជន កម្រិតអាយុក្រោម២០ឆ្នាំ ទៅចូលរួមប្រកួតជម្រុះយុវជនជើងឯកអាស៊ី អាយុក្រោម២០ឆ្នាំ ដោយត្រូវតទល់ក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសថៃ។
ទោះបីជាការប្រមូលផ្ដុំមានត្រឹម៦សប្ដាហ៍ មានបទពិសោធក្មេងខ្ចី លោកអគ្គលេខាធិការដដែលអះអាងថា ក្រុមយុវជន U20 កម្ពុជានឹងប្រឹងប្រែងអស់ពីសមត្ថភាព ពោលមិនមែនទៅដើម្បីបទពិសោធទេ។
ប្រសិនបើក្រុមបាល់ទះយុវជនជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំទទួលបានជ័យជម្នះ នឹងឆ្លងដល់វគ្គចែកពូលជើងឯក U20 អាស៊ី ដែលគ្រោងធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី២៣ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕