ដំណឹងដ៏គួរបារម្ភមួយទៀតហើយសម្រាប់ Real Madrid ដោយសមាជិកម្នាក់ទៀតរបស់ពួកគេ មានបញ្ហារបួសអំឡុងការចូលរួមក្រុមបាល់ទាត់ជម្រើសជាតិ។
ខ្សែការពារ Eder Militao របស់ Real Madrid បានរងរបួសជើងខាងស្ដាំ បន្ទាប់ពីហ្វឹកហាត់កាលពីថ្ងៃពុធ នេះបើយោងតាមប្រភពពីសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល។ Militao ត្រូវបានបញ្ចូលក្នុងបញ្ជីរបួសរបស់ Real Madrid ជាមួយ Aurelien Tchouameni, Dani Ceballos, Jude Bellingham, Edouardo Camavinga, Ferland Mendy និង David Alaba។
នេះជាដំណឹងគួរឱ្យបារម្ភមួយសម្រាប់អ្នកគាំទ្រក្រុមអធិរាជស ដោយសារពុំមានជម្រើសច្រើនទេ ក្នុងតំបន់ការពារនារដូវកាលនេះ ដ្បិតប្រធានក្រុម Nacho ដែលអាចលេងបានច្រើនតំណែងក្នុងតំបន់ការពារបានចាកចេញ ហើយក្លឹបពុំបាននាំចូលសមាជិកថ្មី មកពង្រឹងតំបន់ការពារឡើយ។
ខ្សែការពារវ័យ២៦ឆ្នាំ Militao បានខកខានជាច្រើនខែក្នុងរដូវកាលមុន ដោយសាររបួស ACL តែគេបានត្រលប់មកវិញ ក្នុងរដូវកាលនេះ ហើយលេងក្នុងជម្រើសដំបូងទាំង៥ប្រកួតនារដូវកាល ២០២៤-២៥នេះ។
គេត្រូវបានដកចេញពីបញ្ជីក្រុមប្រេស៊ីល សម្រាប់ការប្រកួតជម្រុះ FIFA World Cup ទល់នឹងអេក្វាទ័រ និងប៉ារ៉ាហ្កាយ។ Militao នឹងត្រលប់ទៅអេស្ប៉ាញ ដើម្បីពិនិត្យបញ្ហារបួសរបស់គេនៅក្លឹប Real Madrid។
យោងតាម The Athletic ខ្សែការពារកណ្ដាលរូបនេះ ត្រូវបានរំពឹងថា នឹងខកខានពីទីលានរយៈពេលចន្លោះពី១០ ទៅ១៥ថ្ងៃ៕