អ្នកចាំទី Loris Karius បានសម្រេចការផ្ទេរទៅចូលរួមក្លឹប Schalke 04 បន្ទាប់ពីពិបាកទទួលបាននាទីលេង ហើយឈានដល់ការចាកចេញពី Newcastle United។
Karius បានចូលរួម Newcastle ក្នុងខែកញ្ញា ឆ្នាំ២០២២ ដោយពុំមានតម្លៃផ្ទេរ បន្ទាប់ពីគេបានផ្ទេរទៅ Besiktas និង Union Berlin ក្រោមកិច្ចសន្យាខ្ចីពី Liverpool។ ទោះយ៉ាងណាក្ដី គេហាក់ពិបាកទទួលបានឱកាសបង្ហាញសមត្ថភាពសម្រាប់ក្រុមសារិកាព្រៃ ហើយលេងបានតែពីរប្រកួតប៉ុណ្ណោះឱ្យក្រុមដឹកនាំដោយលោក Eddie Howe។
កីឡាករវ័យ៣១ឆ្នាំ ទទួលបានឱកាសបង្ហាញខ្លួនលើកដំបូងសម្រាប់ Newcastle ក្នុងវគ្គផ្ដាច់ព្រ័ត្រ League Cup ដែលបរាជ័យទល់ Manchester United ២-០ មុនពេលបង្ហាញខ្លួនជាថ្មីនៅ Premier League ក្នុងបរាជ័យ ៤-១ ទល់ Arsenal។
អ្នកចាំទីជនជាតិអាល្លឺម៉ង់ ពុំមានក្លឹបលេងនោះទេ តាំងពីកុងត្រារបស់គេជាមួយ Newcastle បានផុតសុពលភាពនាចុងរដូវកាល ២០២៣-២៤ ហើយការព្រមព្រៀងកុងត្រារយៈពេលខ្លី គិតពីពេលនេះដល់ដំណាច់រដូវកាល ២០២៤-២៥ ជាឱកាសសម្រាប់ Karius ក្នុងការស្ដារអាជីពបាល់ទាត់របស់ខ្លួនសារជាថ្មីវិញ។
នៅ Schalke, Karius នឹងប្រឈមការប្រជែងជម្រើសអ្នកចាំទីដៃទី១ ជាមួយកីឡាករវ័យ២២ឆ្នាំJustin Heekeren។ Schalke នឹងព្យាយាមក្នុងការធ្វើឱ្យបាននូវលទ្ធផលល្អសម្រាប់ពាក់កណ្ដាលរដូវកាលដែលនៅសល់ ដ្បិតបច្ចុប្បន្នពួកគេកំពុងឈរនៅលេខ១៣ លើតារាង Bundesliga 2។
ការសម្រេចចិត្តចូលរួមក្លឹបអាល្លឺម៉ង់ ត្រូវបានធ្វើឡើងប៉ុន្មានខែក្រោយគូដណ្ដឹងរបស់គេ Diletta Leotta បាននិយាយជាសាធារណៈចំពោះបំណងចង់ឱ្យអ្នកចាំទីរូបនេះចាកចេញពីទឹកដី St. James Park។ អ្នកសារព័ត៌មានអ៊ីតាលីបាននិយាយថា៖ “Loris មានមនុស្សដែលព្យាយាមជួយជ្រោមជ្រែងគាត់នៅក្បែរ។ ខ្ញុំសង្ឃឹមថា គាត់សម្រេចចិត្តល្អបំផុតក្នុងអាជីពរបស់ខ្លួន។ ខ្ញុំរស់នៅទីក្រងមីឡាន ហើយអាចនិយាយបានថា ការនៅក្បែរទីក្រុងមីឡាន ពិតជាស័ក្ដិសមសម្រាប់យើង”។
“Monza ឬក្រុមដទៃផ្សេងនៅអ៊ីតាលី។ ខ្ញុំពិតជារីករាយប្រសិនបើគាត់អាចមកលេងនៅអ៊ីតាលី ហើយនៅជាមួយគ្រួសាររបស់គាត់។ Newcastle គឺពិតជាពិបាក ដោយសារពុំមានជើងហោះហើរទៅមកដោយផ្ទាល់ទេ”។
ការចូលរួម Schalke ជាការត្រលប់ទៅប្រទេសកំណើតវិញសម្រាប់ Karius ជាទីដែលគេចាប់ផ្ដើមកសាងភាពលេចធ្លោក្នុងអាជីពបាល់ទាត់នៅក្លឹប Mainz 05 មុនពេលផ្លាស់ទៅចូលរួម Liverpoo។
Schalke រំពឹងថាវត្តមានរបស់ Karius អាចធ្វើឱ្យពួកគេទទួលបានលទ្ធផលប្រសើរឡើង ហើយមានឱកាសប្រូម៉ូតទៅកាន់លីគកំពូល Bundesliga។ ប្រកួតបន្ទាប់ពួកគេនឹងជួបតតាំងជាមួយ Braunschweig នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕