Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Enrique ថា PSG គួរតែឈ្នះទល់ Atletico និង PSV មុនជួប Man City យប់នេះ

អ្នកចាត់ការ Paris Saint-Germain លោក Luis Enrique បានអះអាងថា ក្រុមរបស់លោកស័ក្ដិសមធ្វើបានល្អជាង អ្វីដែលពួកគេទទួលបានក្នុងតារាងពិន្ទុ UEFA Champions League ដោយបច្ចុប្បន្នកំពុងឈរនៅក្រោមតំបន់ playoff ខណៈនៅសល់ប្រកួតក្នុងពូលតែតែពីរប្រកួតទៀតប៉ុណ្ណោះ។

ក្រុមបង្វឹកដោយលោក Enrique នឹងជួបតតាំងជាមួយ Manchester City ជាក្រុមជើងឯក Champions League ឆ្នាំ២០២៣ ដែលនេះត្រូវបានចាត់ទុកថាជាការប្រកួតដ៏ធំបំផុតមួយក្នុងបាល់ទាត់អឺរ៉ុប ខណៈដែលក្រុមទាំងពីរកំពុងប្រឈមនឹងស្ថានភាពលំបាកដូចគ្នា។

ក្រុមកំពូលតារាង Ligue 1 ស្ថិតក្នុងតំបន់ត្រូវកាត់ចេញនៃតារាង UCL ដោយឈរនៅលេខ២៦ មាន៧ពិន្ទុពី៦ប្រកួតដោយឈ្នះពីរលើក ស្មើម្ដង និងចាញ់៣ប្រកួត ពួកគេបានបង្កើនក្ដីសង្ឃឹម ក្នុងប្រកួតចុងក្រោយបង្អស់នៃពានអឺរ៉ុប ដោយបានយកឈ្នះ RB Salzburg ៣-០ កាលពីខែធ្នូ ប៉ុន្ដែជាជ័យជម្នះទី២ប៉ុណ្ណោះ ក្នុងចំណោម៦ប្រកួត តាំងពីឈ្នះ Girona ក្នុងសប្ដាហ៍ទី១។ ក្រុមយក្សបារាំង បានចាញ់ Arsenal, Atletico Madrid និង Bayern Munich ដ៏ដូចជាស្មើជាមួយ PSV Eindhoven ក្នុងទឹកដីរបស់ខ្លួន។

លទ្ធផលនេះហាក់ខុសឆ្ងាយពីអ្វីដែលពួកគេធ្វើបានក្នុងលីគរដូវកាលនេះ ដោយបច្ចុប្បន្នក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងប៉ារីស កំពុងត្រួតត្រាលើកំពូលតារាង និងរក្សាកំណត់ត្រាមិនបរាជ័យ ១៨ប្រកួត មានគម្លាតនាំមុខក្រុមលេខ២ Marseille ៩ពិន្ទុ។

នៅពេលត្រូវបានសួរក្នុងសម្ភាសន៍របស់ TNT Sports ចំពោះភាពខុសគ្នារវាងការប្រកួតទាំងពីរ លោក Enrique បាននិយាយថា៖ “ខ្ញុំគិតថា ពួកយើងស័ក្ដិសមឈ្នះច្រើនជាងពិន្ទុដែលយើងទទួលបាន ព្រោះយើងសមនឹងឈ្នះការប្រកួតទល់ Atletico Madrid, សមឈ្នះការប្រកួតទល់ PSV ចំណាត់ថ្នាក់របស់យើងអាចនឹងមានភាពខុសប្លែក ប្រសិនបើយើងទទួលបានពិន្ទុពីប្រកួតទាំងនោះ”។

“ប៉ុន្ដែបាល់ទាត់គឺអយុត្តិធម៌ច្រើនលើកមកហើយ យើងត្រូវតែទទួលយក។ យើងបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រជែងជាមួយក្រុមល្អបំផុតមួយនៅលើលោក”។

លោក Enrique បានសារភាពថា លោកមានភាពអន្ទះសារចំពោះការប្រកួតទល់អតីតមិត្តរួមក្រុម Pep Guardiola ពេលដែលក្រុមការពារជើងឯកលីគកំពូលបារាំង លេងតទល់ជាមួយក្រុមជើងឯក Premier League។

Man City លើស PSG តែមួយពិន្ទុប៉ុណ្ណោះក្នុងតារាងវគ្គចែកពូល Champions League ហើយជ័យជម្នះពិតជាសំខាន់សម្រាប់ក្រុមទាំងសងខាង ដើម្បីអាចមានឱកាសឡើងទៅកាន់វគ្គបន្ទាប់។

ក្រុមមេឃខៀវដឹកនាំដោយលោក Guardiola បានប្រឈមនឹងការលំបាកក្នុងរដូវកាលនេះ ដោយនៅចុងឆ្នាំ២០២៤ ពួកគេទទួលបានជ័យជម្នះតែម្ដងគត់ក្នុងចំណោម១៣ប្រកួត ប៉ុន្ដែស្ថានភាពបានប្រសើរឡើង ពេលចាប់ផ្ដើមឆ្នាំ២០២៥ ហើយពួកគេបានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសជាមួយទំនុកចិត្ត បន្ទាប់ពីបានយកឈ្នះ Ipswich Town 6-0 ក្នុង Premier League កាលពីចុងសប្ដាហ៍កន្លងទៅ។

នៅក្នុងពានរង្វាន់អឺរ៉ុបក្រុមបង្វឹកដោយលោក Guardiola ទទួលបានជ័យជម្នះពីរប្រកួតទល់ Slovan Bratislava និង Sparta Prague ស្មើពីរប្រកួតទល់ Inter Milan និង Feyenoord ហើយចាញ់ពីរលើកទល់ Sporting Lisbon និង Juventus។

លោក Enrique ក៏បានបង្ហាញចំណាប់អារម្មណ៍ ចំពោះស្ថានភាពរបស់ក្រុមមេឃខៀវ ថា៖ “នៅក្នុងបាល់ទាត់ វាពិតជាពិបាកក្នុងការរក្សាសំណុំដ៏ល្អដែលពួកគេធ្លាប់មាន ឱ្យបានក្នុងរយៈពេល៨ឬ៩ឆ្នាំ។ វាពិតជាមិនគួរឱ្យជឿ ហើយក្នុងករណីនេះ វាពិតជាគួរឱ្យភ្ញាក់ផ្អើលដែលពួកគេស្ថិតក្នុងស្ថានភាពបែបនេះ។ ប៉ុន្ដែខ្ញុំគិតថា ពួកគេនៅតែលេងក្នុងកម្រិតខ្ពស់ ហើយពួកគេពិតជាក្រុមដ៏អស្ចារ្យ ជាមួយអ្នកចាត់ការដ៏ល្អឯក”។

នេះជាជំនួបលើកទី៧រវាង PSG និង Man City ក្នុង Champions League ដោយជួបគ្នា៦លើកកន្លងមក Man City ឈ្នះ៤លើក ខណៈ PSG ទទួលជ័យជម្នះតែម្ដងប៉ុណ្ណោះ និងស្មើគ្នាមួយប្រកួត។

លោក Enrique ចាត់ទុកថាការប្រកួតយប់នេះជាជំនួបដ៏ពិសេស ដោយសារលោកមានឱកាសជួបអតីតមិត្តរួមក្រុម Barcelona លោក Guardiola ក្នុងនាមជាគូប្រកួត ហើយរំពឹងថាក្រុមរបស់លោកនឹងមានការប្រកួតកាន់តែពិសេសទៀត ក្នុងវគ្គបន្ដបន្ទាប់។ អ្នកចាត់ការជនជាតិអេស្ប៉ាញ បានបន្ថែមថា៖ “ថ្ងៃស្អែកជាការប្រកួតដ៏ពិសេសមួយ មិនមែនត្រឹមតែសំខាន់រវាងក្រុមពីរនោះទេ ប៉ុន្ដែដោយសារខ្ញុំត្រូវជួបជាមួយមិត្តចាស់របស់ខ្ញុំ ដែលធ្លាប់លេងជាមួយគ្នាច្រើនឆ្នាំមកហើយ យើងបានជួបគ្នា ក្នុងនាមជាគ្រូបង្វឹកវិញ”។

“ខ្ញុំសង្ឃឹមថា ការប្រកួតសំខាន់បំផុតមិនមែនលេងទល់ Manchester City ឡើយ។ ខ្ញុំសង្ឃឹមថាវាស្ថិតនៅក្នុងវគ្គបន្ទាប់នៃការប្រកួត ជាការប្រកួតប្រជែងកម្រិតខ្ពស់ដើម្បីជើងឯក”។

បន្ទាប់ពីប្រកួតនារាត្រីនេះទៅ PSG នៅសល់មួយប្រកួតចុងក្រោយទល់ ក្រុមជើងខ្លាំងអាល្លឺម៉ង់ Stuttgart ខណៈ Man City នឹងទទួល Club Brugge នាថ្ងៃទី២៩ ខែមករាខាងមុខ៕