ស្របពេលដែល Liverpool កំពុងមានការប្រកួតប្រជែងជាមួយ Manchester City ក្នុងការដណ្ដើមតំណែងជើងឯក Premier League, ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមហង្សក្រហម ក៏កំពុងមានប្រៀបក្នុងការប្រជែងពានស្បែកជើងមាសនៅក្របខណ្ឌកំពូលអង់គ្លេសផងដែរ។
តារាឆ្នើមអេហ្ស៊ីបរូបនេះ រកគ្រាប់បាល់បាន២២គ្រាប់ សម្រាប់ក្រុមហង្សក្រហមរដូវកាលនេះ ប៉ុន្ដែគេមានគម្លាតគ្រាប់បាល់នាំមុខតែពីរគ្រាប់ប៉ុណ្ណោះ ជាមួយខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min របស់ Tottenham Hotspur។
Salah ត្រូវបានរំពឹងថា អាចនឹងបន្ដនាំមុខនៅកំពូលតារាង Top Scorer ហើយឈ្នះពានស្បែកជើងមាសជាលើកទី៣ សម្រាប់ការរួមរស់៥ឆ្នាំជាមួយ Liverpool។ គេបានចាប់ផ្ដើមរដូវកាលនេះ ជាមួយនឹងការលេងដល់ចំណុចកំពូល ដោយរកគ្រាប់បាល់បាន១០គ្រាប់ ពីការបង្ហាញខ្លួន៩ប្រកួតដំបូង ជាពិសេសរកបានហេទទ្រីគទល់នឹង Manchester United។
ទោះបីជាត្រូវខកខាន២ប្រកួត ពេលកំពុងបំពេញកាតព្វកិច្ចជូនក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប ម្ចាស់អាវលេខ១១របស់ក្រុមហង្សក្រហមរូបនេះ នៅតែមានឱកាសក្ដោបក្ដាប់តំណែងជាកីឡាកររកគ្រាប់បាល់ច្រើនបំផុតនៅក្នុងលីគ ជាពិសេសការរកបានពីរគ្រាប់ ក្នុងជ័យជម្នះ ៦-០ លើ Leeds United និង 4-0 ទល់នឹង Man Utd។
ប៉ុន្ដែ មិនមានការធានាថា Salah អាចនឹងឈ្នះពានស្បែកជើងមាស១០០ភាគរយនៅឡើយទេ ខណៈ ខ្សែប្រយុទ្ធឆ្នើម Son ក៏កំពុងរកគ្រាប់បាល់ក្នុងការប្រកួតជាបន្ដបន្ទាប់ផងដែរ។