Skip to content
    ទំព័រដើម  »  កីឡាជាតិ

ដំបូងមិនចាប់អារម្មណ៍ តែបានឪពុកជំរុញចិត្ត យុវជន កេង កិត្តិគុណ វិវឌ្ឍខ្លួនដជាប់ជម្រើសជាតិវាយកូនឃ្លីលើតុ

មិនខុសពីក្មេងៗខ្មែរដទៃកាលពីតូចយុវជន កេង កិត្តិគុណ ដែលជាកីឡាករជម្រើសជាតិវាយកូនឃ្លីលើតុបានសារភាពថាពីតូចគេចូលចិត្តលេងបាល់ទាត់ជាងវាយប៉េងប៉ុងនេះ។ តែដោយសារមានការជំរុញខ្លាំងពីលោកឪពុកដែលជាអ្នកចូលចិត្តលេងវាយកូនឃ្លីលើតុយុវជនវ័យ ១៧ឆ្នាំ ថាគេចាប់ផ្តើមលេងតាមការណែនាំមករហូតជាប់ចិត្តលើកីឡានេះបន្តិចម្តងៗ។

កូនអ្នកទីក្រុងភ្នំពេញកត់សម្គាល់ក្រោយពីជាប់ចិត្ត និងធ្លាប់ទទួលបានសមិទ្ធផលពីកីឡាវាយកូនឃ្លីនេះផ្សេងៗ កិត្តិគុណ ថាការលេងកីឡាវាយកូនឃ្លីលើតុនេះហាក់ទទួលបានផលលឿនជាងកីឡាផ្សេងៗដែលគេធ្លាប់បានលេងកន្លងមក។

សិស្សសាលាអន្តរជាតិផារ៉ាហ្គនខាងលើបន្តថាថ្វីបើធ្លាប់ទទួលបានមេដាយផ្សេងៗនៅក្នុងស្រុកជាច្រើន ប៉ុន្តែ កេង កិត្តិគុណ ថាមិនទាន់គ្រប់គ្រាន់សម្រាប់គេនោះឡើយ។ ពីព្រោះតែគោលដៅធំរបស់គេក្នុងនាមជាកីឡាករជម្រើសជាតិវាយកូនឃ្លីលើតុគឺការឈ្នះមេដាយកម្រិតអន្តរជាតិយកមកជូនជាតិ ពីការប្រកួតក្នុងព្រឹត្តិការណ៍ធំៗផ្សេងៗ។ បន្ថែមពីនេះ យុវជនមុខស្រស់ដដែល ប្តេជ្ញាចិត្តខំប្រឹងហាត់ជាមួយគ្រូ និងស្វ័យសិក្សាខ្លួនឯងដើម្បីសម្រេចគោលដៅដែលគេបានដៅទុកមួយនេះ។

កេង កិត្តិគុណ កាលពេលថ្មីៗនេះរូបគេក៏បានចូលរួមការប្រកួត វាយកូនឃ្លីលើតុ ជើងឯកពានរង្វាន់ សហភាពសហព័ន្ធយុវជនកម្ពុជា លើកទី១ ឆ្នាំ២០២៤ ផងដែរ។ ហើយរូបគេបានទទួលបានមេដាយ ៣គ្រឿងក្នុងកម្រិតអាយុក្រោម១៨ឆ្នាំ រួមមាន សំរឹទ្ធពីវិញ្ញាសារឯកត្តជន និងមាសពីរគ្រឿងពីវិញ្ញាសារវាយគូ និងវាយជាក្រុម៕