លីគបាល់ទាត់នារីបានវិលត្រឡប់មកវិញសម្រាប់ឆ្នាំ ២០២៤-២០២៥ ក្នុងនោះសង្កេតឃើញថាក្រុមនារីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទមិនមានវត្តមានចូលរួមឡើយ។ ជាមួយគ្នានេះ បាន ម៉ារី អតីតកីឡាការិនីក្រុមនារីទ័ពបានលើកឡើងថាខ្លួនបានចាកចេញពីក្រុមចាស់មកចូលរួមតេស្តជាមួយក្រុមនារីបឹងកេតក៏ព្រោះតែគេចង់សម្រេចបំណងនៃការចូលរួមប្រកួតប្រជែងក្នុងលីគបាល់ទាត់នារីកម្ពុជា។
យុវតីវ័យ១៨ឆ្នាំបន្តថាគេប៉ុនប៉ងចូលលេងក្នុងលីគនារីនេះជាយូរមកហើយ ខណៈការដំណើរលីគកាលពីលើកមុនរូបគេនៅក្មេងពេក និងជាប់រវល់ជាមួយការសិក្សានៅខេត្ត។ កីឡាការិនីមានប្រភពពីខេត្តព្រៃវែងបន្ថែមទៀតថាការបានលេងក្នុងលីគនារីគឺជាជំហានដំបូងរបស់គេក្នុងការអាចមានឱកាសបានជាប់ក្រុមជម្រើសជាតិ ក៏ព្រោះតែការបង្ហាញខ្លួនក្នុងលីគគឺមានគ្រូៗ ឬថ្នាក់ដឹកនាំតាមដានច្រើន។
ការប្រកួតលីគនារីឆ្នាំ២០២៤-២០២៥ នឹងចាប់ផ្តើមជាថ្មីក្រោយខកខានជាង២ឆ្នាំកន្លះមកនេះ ពោលចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុមចូលរួមប្រកួតប្រជែង៕