ទោះមានប្រាក់សម្រាប់ចំណាយក៏ដោយ មហាជនទូទៅដែលមិនមែនជាអ្នករត់អាជីព មិនប្រាកដអាចចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុនធំលើពិភពលោក ដូចជា London Marathon, Chicago Marathon, Boston Marathon, New York Marathon, Tokyo Marathon, និង Berlin Marathon នោះទេ ពោលគឺត្រូវឆ្លងកាត់ជម្រើសធំៗសិន។ នេះបើតាមការលើកឡើងពីលោក ជុំ សុជាតិ ជាអ្នកបានចូលរួមព្រឹត្តិការណ៍ New York Marathon ឆ្នាំ២០២៣ និង London Marathon ២០២៤។
បុរសមានជំនាញគណនេយ្យរូបនេះប្រាប់ថា សម្រាប់អ្នករត់អាជីព និងមានកំណត់ត្រាល្អៗស្រាប់នោះត្រូវបានការអញ្ជើញពីគណៈកម្មការរៀបចំការប្រកួតតែម្ដង។ តែសម្រាប់មហាជនទូទៅវិញ ទី១ត្រូវឆ្លងកាត់ការចាប់ឆ្នោត និងទីត្រូវរៃអង្គាសថវិកាតាមចំនួនកំណត់។ រូបលោកបានឆ្លងកាត់ការចាប់ឆ្នោត ហើយក៏ទទួលបានឱកាសចូលរួមដោយជោគជ័យ។
បានចូលរួមព្រឹត្តិការណ៍ធំៗបែបនេះ លោក ជុំ សុជាតិ ទទូចថា ជាបទពិសោធដ៏ល្អក្នុងជីវិត ព្រោះបានមើលឃើញការរៀបចំ និងទិដ្ឋភាពពិសេសៗទាំងការចូលរួម និងការអបអរសាទរពីមហាជនជាដើម។ លោ
ការចូលរួមព្រឹត្តិការណ៍ London Marathon កាលខែមេសា ២០២៤ កន្លងទៅនេះ លោក ជុំ សុជាតិ បញ្ជាក់ថា សម្រាប់លក្ខខណ្ឌមហាជនដូចរូបលោក គឺលោកបានបង់ប្រាក់ចូលរួម២០០ដុល្លារ តែនេះគ្រាន់តែថ្លៃចុះឈ្មោះប្រកួតប៉ុណ្ណោះ។ សម្រាប់ថ្លៃធ្វើដំណើរ ហូបចុក ស្នាក់នៅ គឺជាបន្ទុករបស់អ្នកចូលរួមខ្លួនឯង។ លោកថា ការចូលរួមព្រឹត្តិការណ៍ធំបែបនេះ ដើម្បីសាកល្បងសមត្ថភាពខ្លួនឯង និងស្រូបយកបទពិសោធថ្មីៗ។ លោកក៏ជាខ្មែរទី១ពីប្រទេសកម្ពុជាដែលបានចូលរួម London Marathon។
ទាក់ទងទៅនឹងការចាប់កីឡារត់នេះ លោក ជុំ សុជាតិ រំឭកថា កើតឡើងអំឡុងឆ្នាំ២០១៧ ដោយការចូលរួមព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាតុនមួយ ហើយក៏កើតចិត្តស្រលាញ់រហូតមក។ លោកក៏ធ្លាប់លេងកីឡាផ្សេងៗដូចជាបាល់ទាត់ បាល់ទះ ផងដែរ កាលនៅពីក្មេង ជាពិសេសអំឡុងរៀនមហាវិទ្យាល័យ ដោយជាប់ជម្រើសជាតិសាលាទៀតផង៕