ប្រធានសង្វៀនបាយ័ន លោក នាង ស៊ីវុត្ថា អគ្គនាយកកម្មវិធីប្រដាល់បាយ័នបញ្ជាក់ចំៗថារាល់សមាសភាពអង្គចៅក្រម ឬមន្ត្រីពាក់ព័ន្ធក្នុងកម្មវិធីដណ្តើមខ្សែក្រវាត់រដូវកាលទី១១ថ្មីនេះ គ្រប់ការប្រកួតគឺមិនអនុញ្ញាតប្រើមន្ត្រីដែលជាប់ពាក់ព័ន្ធនិងកីឡាករប្រកួតលើសង្វៀនឡើយ។ លោកថ្លែងបែបនេះ ព្រោះកន្លងមកតែងមានករណីដាក់ពិន្ទុលំអៀង ដោយផ្នែកលើកីឡាករដែលប្រកួតទាំងនោះជាប់ខ្សែគ្រូសិស្ស ឬជាចំណុះក្លឹប សមាគម តែមួយ។
សម្រាប់រូបមន្តនៃការប្រកួតវិញបែងចែកជា ២ពូល ក្នុងនោះកីឡាករខ្មែរម្នាក់ៗត្រូវប្រកួតតទល់នឹងកីឡាករថៃទាំងបួនរូប តាមកាលវិភាគប្រកួតពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ក្រោយប៉ះគ្នារវាងកីឡាករខ្មែរនិងថៃបញ្ចប់អស់ កីឡាករ៤រូបដែលមានពិន្ទុខ្ពស់នឹងត្រូវប្រកួតគ្នាបន្តពោលអ្នកមានពិន្ទុលំដាប់ទី១ ត្រូវប៉ះអ្នកមានលំដាប់ពិន្ទុទី៤ អ្នកឈរនៅលេខ២ តប៉ះជាមួយអ្នកលេខ៣។ ហើយអ្នកឈ្នះនីមួយៗនឹងត្រូវប្រកួតគ្នាដណ្តើមខ្សែក្រវាត់ សម្រាប់អ្នកចាញ់ក៏ត្រូវប្រកួតគ្នារកចំណាត់ថ្នាក់លេខ៣ផងដែរ។
សូមរំឭកថា សម្រាប់សប្តាហ៍ដំបូងនេះកីឡាករខ្មែរពីររូបបានរបូតអស់ម្នាក់ៗ ៣ ពិន្ទុរួចហើយពោលកីឡាករ មាស ប៊ុនថេន និង ផន លីហួរ បានចាញ់ពិន្ទុកីឡាករថៃទាំងពីរនាក់។ នៅសប្តាហ៍ក្រោយ កីឡាករខ្មែរពីររូបទៀតនឹងបន្តយុទ្ធនាការស្វែងរកពិន្ទុបន្ត ក្នុងនោះរួមមានកីឡាករ រិទ្ធី សូសែន និងសេក គឺមសាន៕