កុមារាកុមារី និងយុវជនជាង១០០នាក់ពីចន្លោះអាយុ៤ឆ្នាំដល់១៨ឆ្នាំដែលមានទាំងកូនខ្មែរ និងកូនបរទេសរស់នៅប្រទេសកម្ពុជាបានចូលរួមប្រកួតកីឡាបាល់ទាត់រៀបចំដោយសាលាបាល់ទាត់ CJ Coaching ដែលដឹកនាំដោយលោក Colum Curtis នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤ នាទីលានកីឡាបាល់ទាត់សាលាអន្តរជាតិកាណាដា កោះពេជ្រ។
លោក Colum Curtis ស្ថាបនិក CJ Coaching ប្រាប់ថា នេះជាការប្រកួតបាល់ទាត់កុមារប្រចាំឆ្នាំក្នុងចំណោមអ្នកដែលបានហ្វឹកហាត់នៅសាលាបាល់ទាត់របស់លោកទាំងក្មេងៗហ្វឹកហាត់តាមកម្មវិធីអន្តរជាតិ ហ្វឹកហាត់ក្រៅម៉ោងសិក្សា និងចុងសប្ដាហ៍។ គោលបំណងសំខាន់ គឺចង់ឱ្យក្មេងៗក្នុងគ្រួសារសាលាបាល់ទាត់របស់លោកមានឱកាសប្រកួតប្រជែងគ្នា។ ម្យ៉ាងទៀត គ្រូបង្វឹកកាន់វិញ្ញាបនបត្រកម្រិត Pro ដដែលទទូចថា មិនសូវឃើញថាមានការប្រកួតក្នុងចំណោមសាលាអន្តរជាតិ មិនដូចកាលលោកធ្លាប់ឃើញនៅប្រទេសចិន ដែលរយៈពេលតែ២ថ្ងៃ មានក្មេងៗចូលរួមដល់ទៅជាង៥០០នាក់។ ដូច្នេះហើយបានជាលោកចង់ឱ្យមានកម្មវិធីបែបនេះនៅប្រទេសកម្ពុជា។
លោក Colum Curtis ដែលជាអតីតគ្រូបង្គោលក្រុមវិសាខាផងនោះបន្ថែមថា ក្រៅពីក្មេងៗមកពីសាលារបស់លោកផ្ទាល់ ក៏មានមកពីសាលា Northbridge, CIS ជាដើម លេងសប្បាយជុំគ្នា កសាងមិត្តភាព ហើយក្រុមលោកក៏នឹងសម្លឹងរកមើលអ្នកមានសមត្ថភាពល្អ បង្កើតជាក្រុមមួយតំណាងកម្ពុជាលើឆាកអន្តរជាតិ។ មិនតែប៉ុណ្ណោះ ការប្រកួតនេះក៏បណ្ដុះទឹកចិត្តពួកគេស្រលាញ់កីឡា ហើយអ្នកខ្លះអាចនឹងវិវឌ្ឍខ្លួនទៅជាកីឡាករអាជីពក៏ថាបាននាពេលអនាគត។ វត្តមានអតីតកីឡាករជម្រើសជាតិ កែវ សុខផេង ក៏ជាកម្លាំងចិត្ត និងបានធ្វើឱ្យក្មេងៗរំភើបយ៉ាងខ្លាំង។ ជាមួយគ្នានេះ យុវតីដែលបានហ្វឹកហាត់ក្នុងក្រុមអាយុក្រោម១៨ឆ្នាំក៏បានចូលរួមជួយសម្របសម្រួលក្នុងការប្រកួតនេះដែរ។
ចំណែកអតីតខ្សែប្រយុទ្ធក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កែវ សុខផេង បានបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី និងជាផ្នែកមួយនៃការលើកទឹកចិត្តដល់ក្មេងៗ។ នេះជាកម្មវិធីដ៏ល្អមួយដើម្បីផ្ដល់ឱកាសដល់ពួកគេបានលេងកីឡាបាល់ទាត់។ លោកក៏សូមផ្ដាំផ្ញើដល់ក្មេងៗ និងយុវជនទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ គោរពវិន័យ ប្រសិនបើចង់មានជំនាញលេងកីឡាបាល់ទាត់បានល្អ។
សាលាបាល់ទាត់ CJ Coaching ត្រូវបានបង្កើតឡើងដំបូងដើមឆ្នាំ២០២០ក្នុងគោលបំណងផ្ដល់ឱកាសដល់យុវជនបានចូលរួមលេងកីឡាបាល់ទាត់ ជាពិសេសក្មេងៗពីអាយុ៤ឆ្នាំដល់អាយុក្រោម១៨ឆ្នាំ។ បច្ចុប្បន្នក្រៅតែពីគ្រូបង្វឹកពេញម៉ោងចំនួន៥រូប ក៏នៅមានគ្រូជនជាតិស្កុតលេន២រូប, អង់គ្លេស២រូប និងព័រទុយហ្គាល់១រូប។ គ្រូបង្វឹកសុទ្ធតែជាគ្រូជាប់វិញ្ញាបនបត្រមកពីអឺរ៉ុប។ នាពេលខាងមុខ ក៏មានបំណងបង្កើតកម្មវិធីដែលក្មេងៗអាចលេងបាល់ទាត់ដោយឥតគិតថ្លៃ។
សម្រាប់គម្រោងតទៅមុខ អាចនឹងធ្វើឡើង១ដងឬ២ដងក្នុងមួយឆ្នាំ ហើយអាចនឹងអញ្ជើញក្រុមមកពីថៃ, ម៉ាឡេស៊ី សិង្ហបុរី ជាដើមចូលរួមដែរ៕