យុវជន ឡាំ ឈីត សមាជិកយុវជនថ្នាលអាយុក្រោម១៦ឆ្នាំ ក្រុមបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ ស្ថិតក្នុងវ័យត្រឹម១៤ឆ្នាំ តែដោយសារមានសមត្ថភាពលេចធ្លោទើបរូបគេត្រូវបានគ្រូបញ្ជូនឡើង U16 មកលេងក្នុងពានលីគយុវជន។ ក្រៅតែពីសមត្ថភាពនៃការលេងបាល់ទាត់ទូទៅ យុវជនរស់នៅសង្កាត់កាកាប នេះក៏មានចំណុចពិសេសប្រចាំខ្លួនមួយទៀតគឺការស្និទ្ធស្នាលជាមួយបាល់ ការទប់បាល់ ពិសេសគឺសមត្ថភាពត្រែះបាល់របស់គេតែម្តង។
កីឡាករលេងតំណែងបម្រើកណ្តាល ដដែលបន្តថាចាប់អារម្មណ៍យកបាល់មកត្រែះលេងនេះតាមរយៈការមើលវីដេអូផ្សេងៗលើបណ្តាញសង្គម។ ដំបូងៗត្រែះជាប់បានត្រឹម ៥០-៦០ គ្រាប់ទេ តែដោយសារការហ្វឹកហាត់ដដែលជាដដែលរហូតមកដល់បច្ចុប្បន្នគេអាចត្រែះជាប់បានជាង ១ពាន់គ្រាប់បាល់ឯណោះ។
ម្ចាស់អាវលេខ ១៣ខាងលើក៏បានប្រាប់អំពីវិធីសាស្ត្រត្រែះបាល់បានជាង១ពាន់នេះទៅបានគឺត្រូវស្វែងយល់អំពីខ្យល់បាល់ ព្យាយាមចំណាយពេលយកបាល់មកត្រែះជាប្រចាំពេលទំនេរ ឬបន្ទាប់ពីសិក្សាចប់ជាដើម។
ឡាំ ឈីត ជាកីឡាករយុវជនថ្នាលរបស់ក្រុមបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ តាំងតែពីអាយុក្រោម១៣ឆ្នាំមកម៉្លេះ ហើយបច្ចុប្បន្នរូបគេកំពុងស្ថិតក្នុងក្រុមយុវជនអាយុក្រោម ១៦ឆ្នាំរបស់ក្លឹបក្នុងការប្រកួតប្រជែងពានរង្វាន់ជម្រើសជើងឯកខេមបូឌានលីគយុវជន៕