ក្រុមប្រណាំងរថយន្ត OFF ROAD របស់កម្ពុជា បានបញ្ចប់ភារកិច្ចក្នុងការប្រណាំងរថយន្ត OFF-ROAD Magnificent Ten 2024 នៅខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ ក្រោយចំណាយពេលជិត១សប្ដាហ៍ប្រកបដោយភាពស្វាហាប់។
លោក ឈិត ឈុំសីហា ប្រធានដឹកនាំក្រុម OFF ROAD កម្ពុជាបានឲ្យដឹងដែរថា សម្រាប់បេសកកម្មក្នុងការនាំយកទង់ជាតិខ្មែរមកកាន់ឆាកអន្តរជាតិតាមរយៈក្រុមកីឡា OFF ROAD គឺបានសម្រេច និងបញ្ចប់ភារកិច្ចហើយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ លើទឹកដីថៃនេះ។
បើទោះជាលទ្ធផលមិនសូវល្អដូចការរំពឹងទុកយ៉ាងណាក្ដី ប៉ុន្តែលោកមើលឃើញពីភាពក្លាហាន និងប្រឹងប្រែងដោយអស់ពីសមត្ថភាពរបស់ក្រុមកីឡាករប្រណាំង ក្រុមបច្ចេកទេស និង Support ពោរពេញដោយឆន្ទៈប្រកួតប្រជែង។
ប្រធានដឹកនាំក្រុម OFF ROAD កម្ពុជាខាងលើបន្ថែមទៀតថា ការប្រកួតមួយនេះក្រុមកម្ពុជាទទួលបានចំណេះដឹង និងបទពិសោធច្រើនដូចជាយល់ដឹងបន្ថែមលើបច្ចេកទេសឡាន ការរៀបចំក្រុម និងយុទ្ធសាស្ត្រជាច្រើនទៀត។ តាមរយៈការប្រកួតនេះលោកជឿជាក់ថានឹងធ្វើឲ្យក្រុម OFF ROAD កម្ពុជារឹតតែមានសមត្ថភាពខ្ពស់ និងឈានទៅដណ្ដើមជយលាភីក្នុងការប្រកួតកម្រិតអន្តរជាតិនានានៅពេលខាងមុខជាមិនខាន។
ជាមួយគ្នានេះដែរលោក ឈិត ឈុំសីហា ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ និងបណ្ដាអ្នកចូលរួមឧបត្ថម្ភទាំងអស់ដែលបានជួយលើកទឹកចិត្តរហូតមក និងតែងតែគាំទ្ររាល់ការប្រកួតរបស់កីឡា OFF ROAD កម្ពុជា។
បញ្ជាក់ដែរថា ក្រុមប្រណាំងរថយន្ត OFF ROAD កម្ពុជា បានបញ្ជូនឡានប្រណាំងចំនួន ៣គ្រឿង និងក្រុមការងារសរុប ២៨នាក់ទៅចូលរួមក្នុងព្រឹត្តិការណ៍ OFF-ROAD Magnificent Ten 2024 នៅខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ។ ការប្រកួតនេះធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៤៕