ក្នុងឱកាសទៅប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅលើកទី៣៣ ដែលកម្ពុជាទទួលបានសិទ្ធិអនុគ្រោះសម្រាប់ការចូលរួមកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា កូនកាត់ខ្មែរ-អាមេរិកបានលើកឡើងថាជាកត្តិយសបំផុតសម្រាប់រូបគេដែលបានទៅប្រកួតតំណាងកម្ពុជាសាជាថ្មី បន្ទាប់ពីធ្លាប់តំណាងម្តងកាលព្រឹត្តិការណ៍ SEA GAMES លើកទី32កាលពីឆ្នាំទៅ។ កីឡាការិនីកើតឆ្នាំ២០០១បន្តថាគេមានជំនឿចិត្តលើខ្លួនឯងខ្លាំង ផ្អែកលើកត្តាមានភាពថ្នឹកជាមួយវិញ្ញាសាដែលគេនឹងត្រូវប្រកួតនេះ។
ទោះជាយ៉ាងណាកីឡាការិនីធំធាត់ក្នុងរដ្ឋ Indiana បន្ថែមថាទោះជាស្ទាត់ និងធ្លាប់ប្រកួតច្រើនលើវិញ្ញាសាសេរី៥០ម៉ែត្រនេះមែន តែគេក៏បង្ហាញការបារម្ភ ព្រោះនេះជាព្រឹត្តិការណ៍កម្រិតពិភពលោក។
គួររំឭកថា កម្ពុជាបញ្ជូនកីឡាករ-កីឡាការិនីសរុប៣នាក់សម្រាប់ព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវក្ដៅលើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងលក្ខខណ្ឌសិទ្ធិអនុគ្រោះ។ ក្នុងនោះមានកីឡាករផ្នែកហែលទឹក២រូប និងអត្តពលកម្ម ១រូប៕