Skip to content
    ទំព័រដើម  »  កីឡាជាតិ

ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជាយកការចេញទៅប្រកួតនៅចិនជាស្ពានត្រៀមព្រឹត្តិការណ៍បន្តបន្ទាប់ទៀត

ក្នុងពេលដែលក្រុមកីឡាករ-កីឡាការិនីកម្ពុជាចេញដំណើរទៅចូលរួមក្នុង ព្រឹត្តិការណ៍ប្រកួតកីឡាឡើងភ្នំពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ (IFSC YOUTH WORLD CHAMPIONSHIP) ឯកឧត្ដម ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានមានប្រសាសន៍ថានេះជាលើកទី២ហើយដែលក្រុមកីឡាករឡើងភ្នំរបស់កម្ពុជាបានទៅចូលរួមក្នុងកម្មវិធីកម្រិតពិភពលោក។

ប្រធានសហព័ន្ធអាណត្តិថ្មីដដែលបានបន្តថាដោយយើងដឹងអំពីកម្រិតសមត្ថភាពរបស់ក្រុមកីឡាកររបស់យើងមានភាពក្មេងខ្ចីនៅឡើយ ហើយជាការប្រកួតកម្រិតពិភពលោកផង ឯកឧត្ដមសង្ឃឹមថាកីឡាករ-កីឡាការិនីទាំងបួននាក់នឹងអាចបំណែកកំណត់ត្រាផ្ទាល់ខ្លួនរបស់ពួកគេ។ មួយវិញទៀតគឺជាការប្រមូលបទពិសោធក្នុងការប្រកួតលក្ខណៈអន្តរជាតិឱ្យបានច្រើន សម្រាប់ជាទុនដ៏សំខាន់ត្រៀមការប្រកួតផ្សេងៗទៀតនាថ្ងៃអនាគត ពិសេសគឺព្រឹត្តិការណ៍ Sea Games នៅប្រទេសថៃ។

ជាមួយគ្នាដែរ លោក ស៊ឹម រ៉ន អនុប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជានិងក៏ជាគ្រូបង្វឹកផ្ទាល់បានលើកឡើងថាកីឡាករទាំងបួននាក់ត្រៀមខ្លួនរួចរាល់អស់ហើយសម្រាប់ការចេញទៅប្រកួតនៅប្រទេសចិនលើកនេះ។ មួយវិញទៀតលោកក៏បានបង្ហាញជំនឿចិត្តខ្ពស់លើក្រុមកីឡាករកម្ពុជាក្នុងការធ្វើបានល្អសម្រាប់ ព្រឹត្តិការណ៍ប្រកួតកីឡាឡើងភ្នំពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ ត្បិតវាជាឆាកអន្តរជាតិដំបូងរបស់ក្រុមកីឡាករវ័យក្មេងជម្រើសជាតិកម្ពុជាក្តី។

ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកីឡាឡើងភ្នំកម្ពុជាសរុប៤រូបក្នុងនោះមាន ស្រ៊ី វីរបុត្រ, នី ចលនា, រិទ្ធ ម៉ាលីហ្សា, និង អ៉ឹម វិននាថ នឹងទៅចូលរួមប្រកួត ព្រឹត្តិការណ៍ប្រកួតកីឡាឡើងភ្នំពិភពលោក យុវជនអាយុក្រោម ២០ឆ្នាំ (IFSC YOUTH WORLD CHAMPIONSHIP) នៅសាធារណរដ្ឋប្រជាមានិតចិន៕​