ក្រុមអ្នកនិយមកីឡារត់ឈ្មោះថា SuSu Run, KKRC និង SheRuns បានរៀបចំកម្មវិធីរត់ប្រណាំង SuSu Run 10Kដែលបានប្រព្រឹត្តទៅនៅ៦០ម៉ែត្រទល់មុខផ្សារ AEON III រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤។
លោក Johnson Lo សមាជិកក្រុម SuSu Run ឱ្យដឹងថា កម្មវិធីនេះត្រូវបានរៀបចំឡើងសម្រាប់អ្នកនិយមកីឡារត់ និងក្នុងន័យរៃអង្គាសថវិកាជួយដល់អង្គការសប្បុរសធម៌នានានៅប្រទេសកម្ពុជា។
កញ្ញា ឆន ណារី សមាជិកម្នាក់នៃក្រុម SuSu Run បញ្ជាក់ថា នេះជាលើកទី២ហើយដែលកម្មវិធីត្រូវបានធ្វើឡើង ដោយលើកទី១ ឆ្នាំ២០២៣ មានអ្នកចូលរួមជាង១០០០នាក់ តែលើកទី២ មានជាង២២០០នាក់។ សម្រាប់ថវិកាទាំងអស់បានពីសប្បុរសជននានាក្នុងកម្មវិធីនេះនឹងត្រូវបានជួយដល់អង្គការគ្រួសារថ្មីដែលជួយដល់កុមារទីទ័ល និងកុមារមានពិការភាព។
សមាជិកក្រុមអ្នករៀបចំដដែលបានមើលឃើញពីការចូលរួមយ៉ាងសប្បាយរីករាយពីអ្នករត់ទាំងក្មេងទាំងចាស់ និងទាំងជាតិ និងអន្តរជាតិ។ លោក Johnson និង កញ្ញា ឆន ណារី
ចាត់ទុកការចូលរួមកាន់តែច្រើនពីសំណាក់មហាជន គឺបានបង្ហាញពីការយកចិត្តទុកដាក់កាន់តែខ្លាំងក្លាថែមទៀតលើការលេងកីឡា និងការយកចិត្តទុកដាក់លើសុខភាព។
តំណាងក្រុម SuSu Run ទទូចថា កម្មវិធីខាងលើនឹងបន្តប្រព្រឹត្តទៅនៅឆ្នាំក្រោយៗទៀត។
សម្រាប់វិញ្ញាសាឆ្នាំ២០២៤ កាន់តែប្លែកជាងឆ្នាំមុន ដោយមានការបែងចែកភេទ អាយុ មានទាំងចាស់ៗជាង៥០ឆ្នាំ ក្មេងៗជាង១០ឆ្នាំ និងអ្នករត់ដាច់គេទៀតផង ក៏ដូចជាការរៀបចំនូវរង្វាន់យ៉ាងច្រើន។ ចំណែកចម្ងាយផ្លូវនៃការរត់ គឺមាន៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ៕