លោក ទៀង ទីនី គ្រូបង្វឹកក្រុមវិទ្យាល័យឥន្ទ្រទេវីក្រោយចូលដឹកនាំ និងជួយកូនក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យឆ្នាំ២០២៤ ដែលត្រូវជួបតទល់នឹងក្រុមវិទ្យាល័យប្ញស្សីកែវបានលើកឡើងថាក្រុមប្ញស្សីកែវពិតជាក្រុមមួយដែលល្អដូចការគិតរបស់លោកតាំងពីដើមមកមែន។ លើសពីនេះបុរសមានប្រភពពីខេត្តសៀមរាបក៏បានកត់សម្គាល់អំពីចំណុចខ្លាំងៗមួយចំនួនរបស់ក្រុមប្ញស្សីកែវខ្លះៗសម្រាប់ការប្រកួតដណ្តើមពាននេះផងដែរ។
អតីតខ្សែការពារចំណានក្រុមជម្រើសជាតិកម្ពុជាដដែលបន្តថាទោះជាយ៉ាងណាលោកនៅតែមានជំនឿចិត្តលើកូនក្រុមរបស់លោក បូករួមនឹងការរៀបក្បួនរួចជាស្រេចសម្រាប់រក្សាតំណែងជាម្ចាស់ជើកឯកសម្រាប់ពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤នេះ។
ក្រុមវិទ្យាល័យឥន្ទ្រទេវីក្រោមការដឹកនាំរបស់លោក ទៀង ទីនី ធ្វើបានយ៉ាងល្អដោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី2 សម្រាប់ការប្រកួតសន្សំពិន្ទុប្រចាំសប្តាហ៍។ ហើយបន្តធ្វើបានល្អទៀតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយផ្តួលក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ទាំងពីរជើង ២ទល់នឹង ៤ មុនឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕